(បរទេស)៖ បវរកញ្ញាចក្រវាលឆ្នាំ២០១៨ កញ្ញា Catriona Gray ទើបតែបានប្រកាសភ្ជាប់ពាក្យជាមួយតារាសម្តែង និងតន្ត្រីករជនជាតិហ្វីលីពីន-អាមេរិក Sam Milby។ ដំណឹងភ្ជាប់ពាក្យនេះ គឺបន្ទាប់ពីអ្នកទាំងពីរ ប្រកាសពីទំនាក់ទំនងស្នេហា ជាសាធារណៈរយៈពេលជាង២ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រព័ត៌មាន Pegeant circle នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នាពេលថ្មីៗនេះ តាមរយៈគណនីបណ្តាញសង្គម Instagram របស់អ្នកទាំងពីរបានប្រកាសភ្ជាប់ពាក្យ នៅក្នុងអត្ថបទនេះ អ្នកទាំងពីរមិនស្ទាក់ស្ទើរក្នុងការបង្ហាញពីអារម្មណ៍របស់ពួកគេចំពោះ គ្នាទៅវិញទៅមកនោះទេ។ គូស្នេហ៍​ដ៏​ស្រស់​ស្អាត​មួយ​គូ​នេះ ​មាន​ទំនាក់ទំនង​ស្នេហា​ដំបូង​ក្នុង​ឆ្នាំ ២០១៩ ហើយ​បាន​ប្រកាស​ជា​សាធារណៈ​ ជាមួយនឹង​ទំនាក់ទំនង​របស់​ពួកគេ​ក្នុង​ឆ្នាំ ២០២០។ អនាគតស្វាមីរបស់បវរកញ្ញាចក្រវាល Catriona Gray គឺតារាសម្តែង Sam Milby លោកគឺជាតារាសម្តែង តារាបង្ហាញម៉ូដ និងជាតារាចម្រៀងជនជាតិហ្វីលីពីន-អាមេរិក។

គួរជម្រាបថា បវរកញ្ញាហ្វីលីពីន-អូស្ត្រាលី កញ្ញា Catriona Gray មានភាពល្បីល្បាញខ្លាំង បន្ទាប់ពីបានឈ្នះកមុដនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss Universe» នាឆ្នាំ២០១៨ ដោយបានផ្តួលបវរកញ្ញា មកពីប្រទេស ៩៣ផ្សេងទៀតលើពិភពលោក៕