(តួកគី)៖ កីឡាករសញ្ជាតិហ្កាណា Christian Atsu របាយការណ៍ឲ្យដឹងថា សាកសពរបស់លោកត្រូវបានគេរកឃើញ ក្រោមអាគារដែលជាកន្លែងរបស់លោករស់នៅភាគខាងត្បូងនៃប្រទេសតួកគី បន្ទាប់ពីជួបគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន, នេះបើតាមប្រភពពីភ្នាក់ងាររបស់លោក ហើយត្រូវបានចុះផ្សាយដោយ CNA នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពពីលោក Murat Uzunmehmet បាននិយាយប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Hatay ថា «សាកសពរបស់ Atsu បានរកឃើញនៅក្រោមគំនរអាគារបាក់បែក បច្ចុប្បន្នសាកសពជាច្រើនកំពុងត្រូវបានយកចេញ ហើយទូរស័ព្ទរបស់គាត់ត្រូវបានរកឃើញផងដែរ»

ដើមឡើយមុនការជួបគ្រោះថ្នាក់នេះ កីឡាករសញ្ជាតិហ្គាណា Atsu បានគ្រោងចាក់ចេញតាមពីតំបន់ភាគខាងត្បូងនៃប្រទេសតួកគី នៅមុនប៉ុន្មានម៉ោងនៃគ្រោះរញ្ជួយដី ប៉ុន្តែកីឡាកររូបនេះបានសម្រេចចិត្តបន្តស្នាក់នៅជាមួយក្លិប ក្រោយពេលស៊ុតបាល់បញ្ចូលទីឈ្នះក្នុងលីគ Super Lig កាលពីថ្ងៃទី០៥ ខែកុម្ភៈនេះ, បើយោងតាមអ្នកគ្រប់គ្រងក្លិប Hatayspor ឱ្យដឹងនាថ្ងៃទី១៧ ខែកុម្ភៈ។

រំលឹកផថា Christian Atsu ជាអតីតកីឡាករធ្លាប់លេងជាមួយក្លិបធំៗ ដូចជា Chelsea, Everton, Bournemouth, Newcastle United ដែលស្ថិតក្នុងលីគអង់គ្លេស Premier League មុនពេលផ្ទេរនៅកាន់ក្លិប Hatayspor ក្នុងឆ្នាំ២០២២ ដោយលោកបានលេង ២៤៩ប្រកួតស៊ុតបាន ២៣គ្រាប់សរុបជាមួយក្លិប Rio Ave, Porto, Viteses, Malaga និងក្លិប Al-Raed។

លោកបានសម្រេចឈប់ពីក្រុមជម្រើសជាតិហ្គាណា កាលឆ្នាំ២០១៩ ក្រោយលេងបាន ៦៥ប្រកួតរកបាន ១០គ្រាប់ចាប់ពីឆ្នាំ២០១២៕