(បរទេស)៖ ក្រុមហ៊ុនផលិតយានអវកាសអាមេរិក SpaceX របស់កំពូលមហាសេដ្ឋី Elon Musk កំពុងប្រឈមនឹងការផាកពិន័យស៊ីវិលជិត ១៨ម៉ឺនដុល្លារ ពីសំណាក់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៅថ្ងៃសុក្រសប្តាហ៍នេះ ជុំវិញការយឺតយ៉ាវក្នុងការបញ្ជូនទិន្នន័យសុវត្ថិភាពមួយចំនួន មុនពេលបាញ់បង្ហោះផ្កាយរណប Starlink។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពបានឱ្យដឹងថា បញ្ហានេះបានកើតឡើងតាំងពីខែសីហា ឆ្នាំ២០២២ មកម្លេះនៅពេលដែល SpaceX បាញ់បង្ហោះ Starship ។ ក្នុងករណីនេះ FAA ធ្លាប់បានប្រាប់ SpaceX រួចទៅហើយមុនឈានដល់ការស្នើសុំឱ្យមានការផាកពិន័យនេះ ដោយគេតម្រូវឱ្យ SpaceX បញ្ជូនព័ត៌មានវិភាគទិន្នន័យជាមុនប្រហែល ៧ថ្ងៃមុនពេលរៀបចំបាញ់បង្ហោះ Starship។

តែយ៉ាងណា FAA នៅមិនទាន់ចេញការផាកពិន័យជាផ្លូវការទៅកាន់ SpaceX នោះទេ ដោយគេទុកពេលឱ្យក្រុមហ៊ុនរបស់ Musk មានរយៈពេលប្រហែល ៣០ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយប្រសិនបើ SpaceX នៅតែព្រមប្រគល់ព័ត៌មានអំពីការវិភាគទិន្នន័យនៃការបង្ហោះ Starship នៅក្នុងគន្លងផែនដីដែលជួបបញ្ហានោះ ទឹកប្រាក់ខ្ទង់ ១៧៥,០០០ដុល្លារត្រូវបានផាកពិន័យជាកំហិត៕