(ភ្នំពេញ)៖ មិនថានៅក្នុងសង្គមបច្ចុប្បន្ន ឬ សម័យកាលមុនៗឡើយ ប្រជាជនខ្មែរភាគច្រើនរមែងប្រកាន់នូវគោលគំនិតមួយ គឺខិតខំរកចំណូលមិនមែនត្រឹមតែផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃនោះទេ តែក៏មានបំណងចង់បន្សល់ទុកនូវទ្រព្យសម្បត្តិដល់កូនចៅ ឬញាតិរបស់ខ្លួន ក្រោយពេលដែលខ្លួនទទួលមរណភាពផងដែរ។

ដើម្បីឱ្យស្របជាមួយរបត់សង្គមមួយនេះ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អំពីលក្ខណៈសម្បត្តិនៃបុគ្គលដែលអាចក្លាយជាសន្តតិជន គឺសំដៅលើជនដែលត្រូវទទួលបន្តនូវសិទ្ធិ និងករណីយកិច្ច ដែលស្ថិតនៅក្រោមទ្រព្យសម្បត្តិរបស់មតកជន (ម្ចាស់ទ្រព្យដែលបានទទួលមរណភាព)។ ទន្ទឹមនឹងនេះ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងអំពីលក្ខខណ្ឌដែលនាំឱ្យជនណាម្នាក់បាត់បង់នូវលក្ខណៈសម្បត្តិជាសន្តតិជនផងដែរ ដែលលក្ខខណ្ឌមួយក្នុងចំណោមនោះត្រូវបានគេហៅថា «អភ័ព្វបុគ្គលនៃសន្ដតិកម្ម»

តើអភ័ព្វបុគ្គលនៃសន្ដតិកម្មជាអ្វី? ហើយលក្ខខណ្ឌបែបណាខ្លះដែលអាចនាំឱ្យបុគ្គលម្នាក់ក្លាយជាអភ័ព្វបុគ្គល?

ដើម្បីផ្ដល់ជាចម្លើយចំពោះសំណួរខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី អភ័ព្វបុគ្គលនៃសន្ដតិកម្ម មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចខាងក្រោម។

អភ័ព្វបុគ្គលនៃសន្តតិកម្ម សំដៅដល់បុគ្គលដែលខ្វះលក្ខណៈជាសន្តតិជន ហើយពុំអាចក្លាយជាសន្តតិជន ឬ ពុំអាច ទទួលទ្រព្យ សម្បត្តិ តា មតកសាសន៍បានឡើយ ទោះបីជាមាន ឬ គ្មានឆន្ទៈរបស់មតកជនក៏ដោយ។ មុននឹងអាចឈានដល់ចំណុចនេះ បុគ្គលនោះរមែងបានប្រព្រឹត្តនូវទង្វើផ្ទុយនឹងសង្គមយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។

ដើម្បីបញ្ជាក់អំពីស្ថានភាពនៃទង្វើទាំងនោះឱ្យកាន់តែច្បាស់ យើងអាចក្រឡេកទៅមើលមាត្រា ១១៥០ នៃក្រមរដ្ឋប្បវេណី ដែលបានកំណត់អំពីលក្ខខណ្ឌវិនិច្ឆ័យនៃបុគ្គលដែលអាចក្លាយជាអភ័ព្វបុគ្គលនៃសន្តតិកម្ម ដូចខាងក្រោម៖

* ក៖ បុគ្គលដែលបានទទួលទោស ដោយមានចេតនាធ្វើឃាត ឬ ប៉ុនប៉ងធ្វើឃាតលើមតកជន ឬ លើ ជន ដែល មាន លំដាប់សន្តតិកម្មមុន ឬ លំដាប់ស្មើគ្នា ទោះដោយផ្ទាល់ក្តី ឬ ដោយប្រយោលក្តី ។

* ខ៖ បុគ្គលដែលដឹងអំពីការសម្លាប់មតកជន តែមិនបានរាយការណ៍ ឬ មិនបានប្តឹង ។ ប៉ុន្តែ បញ្ញត្តិ នេះ មិន ត្រូវ យក មកអនុវត្តឡើយ ចំពោះករណីដែលបុគ្គលនោះ មិនអាចវិនិច្ឆ័យអំពើល្អ ឬ អាក្រក់បាន ឬ ករណី ដែល អ្នក សម្លាប់ជាសហព័ទ្ធ ឬ ញាតិលោហិតខ្សែផ្ទាល់របស់បុគ្គលនោះ។

* គ៖ បុគ្គលដែលបានរារាំងមតកជនក្នុងការធ្វើ លុបចោល ឬ កែប្រែមតកសាសន៍ស្តីពីសន្តតិកម្ម ដោយ ការ ឆបោក ឬ គម្រាមកំហែង។

* ឃ៖ បុគ្គលដែលបានឱ្យមតកជនធ្វើ លុបចោល ឬ កែប្រែមតកសាសន៍ស្តីពីសន្តតិកម្ម ដោយការឆបោក ឬ គម្រាមកំហែង។

* ង៖ បុគ្គលដែលបានក្លែង កែបន្លំ បំផ្លាញចោល ឬ លាក់ទុកនូវលិខិតមតកសាសន៍ស្តីពីសន្តតិកម្ម របស់ មតក ជន។

បើយើងពិនិត្យទៅលើសភាពនៃអំពើខាងលើ គឺយើងអាចឆ្លុះបញ្ចាំងអំពីគោលបំណងទុច្ចរិតនៃអ្នកប្រព្រឹត្ត រួមមាន ដូចជា៖

* គោលបំណងឆាប់ទទួលបានមត៌កតាមរយៈការធ្វើឃាតមតកជន ព្រោះសន្តតិកម្មត្រូវចាប់ផ្ដើមនៅពេលមតកជនទទួលមរណភាព

* គោលបំណងបង្កើនចំណែកមត៌ករបស់ខ្លួនតាមរយៈការធ្វើឃាតជន ដែល មាន លំដាប់សន្តតិកម្មមុន ឬ លំដាប់ស្មើគ្នា។

* គោលបំណងទាមទារនូវមត៌កដោយខុសពីឆន្ទៈរបស់មតកជន តាមរយៈការឆបោក ឬ គម្រាមកំហែងឱ្យមតកជនកែប្រែមតកសាសន៍ស្តីពីសន្តតិកម្ម ជាអាទិ៍។

បន្ថែមពីនេះទៅទៀត មាត្រា ១១៥៣ នៃក្រមរដ្ឋប្បវេណី ក៏បានចែងផងដែរថា ប្រសិនបើបុគ្គលដែលជាអភ័ព្វបុគ្គលនៃសន្តតិកម្ម ឬ បុគ្គលដែលមិនអាចទទួលទ្រព្យសម្បត្តិតាមមតកសាសន៍បាន តាមបញ្ញត្តិនៃមាត្រា ១១៥០ (អភ័ព្វបុគ្គលនៃសន្តតិកម្ម ជាអាទិ៍) ខាងលើនេះ កំពុងកាន់កាប់មត៌ក បុគ្គលនោះត្រូវបានចាត់ទុកថាជាអ្នកកាន់កាប់ដោយទុច្ចរិត គិតចាប់ពីពេលចាប់ផ្ដើមសន្តតិកម្ម ព្រោះជាការកាន់កាប់ដោយគ្មានសិទ្ធិ។

ក្នុងករណីនេះ អភ័ព្វបុគ្គលដែលកាន់កាប់មត៌កដោយទុច្ចរិត មានករណីយកិច្ចសងនូវសំណងនៃការខូចខាតចំពោះការបាត់បង់ ឬខូចខាត ដែលកើតមានឡើងចាប់ពីពេលដែលមតកជនទទួលមរណភាព ស្របតាមបញ្ញត្តិនៃមាត្រា ១៥៧ នៃក្រមរដ្ឋប្បវេណី។

សរុបមក ការកំណត់អំពីលក្ខខណ្ឌដែលនាំឱ្យក្លាយជាអភ័ព្វបុគ្គលនៃសន្តតិកម្មនេះ គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់នូវការប្រព្រឹត្តអំពើទុច្ចរិតដើម្បីទាញយកផលប្រយោជន៍ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ ហើយជាពិសេស គឺបានផ្ដល់ការការពារជូនដល់មតកជនដែលជាម្ចាស់ទ្រព្យយ៉ាងតឹងរ៉ឹងផងដែរ។

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm៕