(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានរងបរាជ័យក្រោមថ្វីដៃក្រុមជម្រើសជាតិ U19 បារាំង ដោយលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៣-២៥, ២១-២៥ និង ២៣-២៥ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ជើងទី១ នៅវិមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

ជំនួបមិត្តភាពអន្ដរជាតិនេះ បានធ្វើឡើងក្រោមវត្តមានលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីមន្ដ្រីទូតបារាំងប្រចាំប្រទេសកម្ពុជា រួមទាំងវត្តមានទស្សនិកជនប្រមាណ ៥ពាន់នាក់ ដែលបានចូលរួមទស្សនាផ្ទាល់ការប្រកួតដ៏កម្រនេះផងដែរ ។

ក្រោយចប់ការប្រកួតលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា ដោយផ្អែកលើលទ្ធភាពតដៃជាមួយក្រុមជម្រើសជាតិយុវជន នៃប្រទេសមហាអំណាចបាល់ទះនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះកម្រិតរីកចម្រើនរបស់កីឡាករកម្ពុជា ។ លោកថា «លទ្ធផលថ្ងៃនេះ ៣-០ ខ្ញុំគិតថា បងប្អូនជនរួមជាតិមួយចំនួន អាចនឹងខកចិត្ត ប៉ុន្ដែចំពោះខ្ញុំ ក្នុងនាមថ្នាក់ដឹកនាំ ខ្ញុំគិតថា គុណផលកីឡារបស់យើង គឺមានកម្រិតកើនឡើងជាងមុន»

យ៉ាងណាក្ដីលោកសង្ឃឹមថា ក្រុមការងារគ្រូ និងកីឡាករ នឹងបន្ដការខំប្រឹង ដើម្បីដុសខាតសមត្ថភាពឲ្យកាន់តែប្រសើរ ត្រៀមការប្រកួតបន្ទាប់។ «នេះគឺជាបទពិសោធន៍ថ្មីមួយទៀត ដែលគណៈគ្រប់គ្រង ពិសេសគ្រូបង្វឹករបស់យើង ត្រូវតែសិក្សា ដើម្បីធ្វើម៉េចពង្រឹងគុណផលកីឡារបស់យើងឲ្យរឹងតែល្អប្រសើរជាងនេះ ព្រោះក្នុងនាមអគ្គលេខាធិការ ខ្ញុំអត់ទាន់ពេញចិត្ដទេ បានន័យថា យើងនៅតែបន្ដខិតខំពង្រឹង និងពង្រីកគុណផលរបស់យើងបន្ថែមទៀត» ។ អគ្គលេខាធិការសហព័ន្ធបន្ថែម ។

សូមបញ្ជាក់ថា ក្រុមទាំងពីរ នឹងត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិម្ដងទៀត នាថ្ងៃទី២២ ខែកុម្ភៈខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក)ដដែល។ ការប្រកួតនេះ ត្រូវបានចាត់ទុកជាការវាស់ស្ទង់សមត្ថភាពមួយដ៏សំខាន់ សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងការត្រៀមលក្ខណៈទទួលរៀបចំ និងប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាខែឧសភាខាងមុខ៕