(បរទេស)៖ ក្រុមហ៊ុន Meta Platforms បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនបាននិងកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនូវមុខងារ​បង់ប្រាក់​ប្រចាំខែ (Monthly subscription) ដែលមានឈ្មោះថា Meta Verified។ មុខងារថ្មីនេះគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ Verify គណនីខ្លួនឯង​បាន​ដោយប្រើប្រាស់អត្តសញ្ញាប័ណ្ណ ដើម្បីផ្ដល់ភាពងាយស្រួលដល់ Content Creators ក្នុងការបញ្ជាក់ពីអត្តសញ្ញាណពិតរបស់ខ្លួន និងដើម្បី​ងាយស្រួលក្នុងការបង្កើត​នូវមាតិកាសហគមន៍។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា សេវាកម្មមួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់​សម្រាប់​បណ្ដាញសង្គម Facebook និង Instagram នៅចុងសប្ដាហ៍នេះ ដោយរួមបញ្ចូលផងដែរនូវការការពារបន្ថែមប្រឆាំងនឹងការក្លែងបន្លំ​ផ្សេងៗពាក់ព័ន្ធគណនី ជាមួយនឹងមានតម្លៃចាប់ពី ១១.៩៩ដុល្លារអាមេរិកក្នុងមួយខែសម្រាប់នៅលើគេហទំព័រ និង ១៤.៩៩ដុល្លារអាមេរិកក្នុងមួយខែសម្រាប់ប្រព័ន្ធ iOS និង Android។

ចំពោះប្រទេសដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់សេវាកម្មនេះមុនគេនោះ ត្រូវបាន Meta បញ្ជាក់ថា Meta Verified នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងសប្តាហ៍នេះ ដោយមានការបើកដំណើរការជាបណ្តើរៗនៅក្នុងប្រទេសផ្សេងទៀត។

វាមិនមែនជារឿងថ្មីនោះទេសម្រាប់បណ្ដាញសង្គម ដែលដាក់ឱ្យប្រើប្រាស់សេវាកម្មបែបនេះជាមួយនឹងការបង់ប្រាក់នោះ ថ្មីៗនេះ Twitter ក៏ដាក់ចេញសេវាកម្មបែបនេះផងដែរ ខណ:ដែល Telegram បានដាក់ចេញវាកាលពីឆ្នាំមុន និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ៕