(កូរ៉េ)៖ មានសេចក្តីរាយការណ៍ថា សមាជិកម្នាក់ៗក្នុងក្រុមចម្រៀងបុរសដ៏ល្បីប្រចាំវិស័យ K-POP គឺ BTS បច្ចុប្បន្ននេះក្លាយជា អ្នកកាន់កាប់ភាគហ៊ុនធំរបស់ HYBE Labels ដែលជាទ្រនំរបស់ពួកគេ ខណៈម្នាក់ៗមានភាគហ៊ុនសរុបជាង ១០ ពាន់លានវ៉ុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Music mun dial។

HYBE LABELS គឺជាផលិតកម្មចម្រៀងធំ និងជាទ្រនំរបស់ក្រុមចម្រៀង K-Pop របស់កូរ៉េខាងត្បូងដ៏ល្បីល្បាញបំផុត BTS ដែលមានទីផ្សារភាគហ៊ុនធំ។ សមាជិក BTS បាននឹងកំពុងទិញភាគហ៊ុនជាច្រើន រហូតក្លាយជាអ្នកវិនិយោគដ៏មានកិត្យានុភាពក្នុងក្រុមហ៊ុនផងដែរ។ 

តាមរបាយការណ៍បានឲ្យដឹងថា សមាជិក ៤ នាក់គឺ Suga, Jimin, V និង Jungkook សុទ្ធតែមានភាគហ៊ុនរបស់ HYBE គិតជាទឹកប្រាក់ម្នាក់ស្មើនឹង ១០លានដុល្លារ ខណៈ J-Hope បានកាន់កាប់ភាគហ៊ុនចំនួន ៩.៥ លានដុល្លារ, RM មាន ៨.៨ លានដុល្លារ និង Jin មានស្មើនឹង ៧.៩ លានដុល្លា។

តាមរយៈភាគហ៊ុននេះ គេក៏អាចបញ្ជាក់ពីទ្រព្យសម្បត្តិដ៏ច្រើនរបស់ BTS ក៏ដូចជាឥទ្ធិពលរបស់ពួកគេនៅក្នុងរចនាសម្ព័ន្ធក្រុមហ៊ុន HYBE Labelsដែរ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការផ្លាស់ប្តូរ ឬសកម្មភាពផ្សេងៗរបស់សមាជិក BTS សុទ្ធតែអាចប៉ះពាល់ដល់តម្លៃហ៊ុនរបស់ HYBE Labels។ ជាក់ស្ដែង បន្ទាប់ពីការប្រកាសផ្អាកសកម្មភាពក្រុមរបស់ BTS ក្នុងខែមិថុនា ឆ្នាំ ២០២២ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះមួយភាគបួនឯណោះ៕