(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកទី២ ស្ថិតនៅភូមិពោធិរោងលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបើកការប្រកួតរដូវកាលថ្មីហើយ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ពិធីបើកការប្រកួតពានរង្វាន់មិនអាជីពនេះ ធ្វើឡើងក្រោមវត្តមានលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ ។

ថ្លែងក្នុងពិធីបើកការប្រកួត លោក គន់ រ័ត្នមុនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការល្អ រវាងអាជ្ញាធរ និងគណៈកម្មការរៀបចំ ដើម្បីបង្កើតព្រឹត្តិការណ៍នេះឡើង ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនបានចូលរួមកីឡា ក្រោមម្លប់សន្ដិភាព ស្របតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែនា នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ។

លោក នៅ សារី អ្នកផ្ដួចផ្ដើមគំនិត និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ខាងលើ បានឲ្យដឹងថា ពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី២ នេះ គឺមានការប្រកួតទ្រង់ទ្រាយធំជាងមុន បន្ទាប់ពីគណៈកម្មការបានសម្រេចរៀបចំការប្រកួតចំនួន ៦កម្រិតផ្សេងគ្នា រួមមានពានរង្វាន់មហាជនផ្នែកបុរស, ពានរង្វាន់មហាជនផ្នែកនារី, ពានរង្វាន់យុវជន U13, U15, U18 និងពានរង្វាន់វ័យចំណាស់ ។

លោកបន្ដថា ការប្រកួតនេះ រៀបចំឡើងក្នុងគោលបំណង ទី១-ដើម្បីគាំទ្រនូវសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទី២-ដើម្បីគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត និងទី៣-ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ ក៏ដូចជាវិស័យកីឡាបាល់ទាត់ក្នុងខេត្តត្បូងឃ្មុំផ្ទាល់ ព្រមទាំងចូលរួមយុទ្ធនាការរាប់ថយក្រោយឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។

ស្ថាបនិកពានមហាជន និងជាអគ្គនាយកក្រុមហ៊ុនអាហ្ស៊ី ម៉ះរ៉បើ ខាងលើបន្ថែមថា ដោយសារកត្ដាសុខសន្ដិភាព ទើបជំរុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន អាចចូលរួមគ្រប់សកម្មភាពក្នុងសង្គមម ជាក់ស្ដែងការជួបជុំក្នុងការប្រកួតពានរង្វាន់ឯត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ នេះ គឺមានក្រុមចូលរួម រហូតដល់ ៤២ក្រុម មកពីខេត្តចំនួន ៦ចូលរួម រួមមានខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ, ខេត្តរតនៈគិរី និងខេត្តត្បូងឃ្មុំ ។

សម្រាប់ការប្រកួតរដូវកាលទី២ នៅទីលានពោធិរោងលើនេះ គឺគ្រោងចំណាយពេលប្រកួតជាងកន្លះខែ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី០៧ ខែមីនាខាងមុខ ដោយប្រើរូបមន្ដចាញ់ធ្លាក់ ។ ចំពោះប្រាក់រង្វាន់ជយលាភីវិញ សម្រាប់ពានរង្វាន់មហាជនផ្នែកបុរស លេខ១ ទទួលបាន ២៨លានរៀល, លេខ២ ទទួលបាន ២០លានរៀល, លេខ៣ ទទួលបាន ១២លានរៀល និងលេខ៤ ទទួលបាន ៨លានរៀល ។ រីឯពានរង្វាន់ផ្នែកនារី យុវជន និងវ័យចំណាស់ ក៏ទទួលបានប្រាក់ឧបត្ថម្ភ និងសម្ភារលើកទឹកចិត្តផងដែរ ៕