(អាមេរិក)៖ លោក Tom Sizemore តារាសម្តែងជនជាតិអាមេរិក ដែលត្រូវបានគេស្គាល់ថា ជាតួអង្គម្នាក់ក្នុងរឿង «Saving Private Ryan» និង «Black Hawk Down» ត្រូវបានសម្រាកនៅមន្ទីរពេទ្យក្នុងទីក្រុង Los Angeles បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមអ្នកគ្រប់គ្រងរបស់តារាសម្តែងខាងលើ គឺលោក Charles Lago បានឲ្យដឹងថា បច្ចុប្បន្នតារាវ័យ៦១ឆ្នាំរូបនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយរងចាំមើលបន្ថែមទៀតពីក្រុមគ្រូពេទ្យ។

បើគេនៅចាំមិនភ្លេច តារាសម្តែងប្រុស Sizemore ដែលមានអាជីពជាតារាភាពយន្ត និងទូរទស្សន៍រយៈពេលជាច្រើនទស្សវត្សរ៍ ត្រូវបានគេទទួលស្គាល់ថាជាតារាសម្តែងល្អបំផុតសម្រាប់តួនាទីរបស់លោកជាពលទាហានដែលតស៊ូប្រយុទ្ធ សម្តែងជាមួយ តារាល្បី Tom Hanks ក្នុងរឿង «Saving Private Ryan» ក្នុងឆ្នាំ១៩៩៨។ 

លោកត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ «Golden Globe Award» ក្នុងឆ្នាំ ២០០០ សម្រាប់តួសម្តែងល្អបំផុតនៅក្នុងរឿងភាគ ឬខ្សែភាពយន្ត ដែលផលិតសម្រាប់ទូរទស្សន៍៕