(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc ដែលស្ថិតក្រោមការគ្រប់គ្រងដោយកំពូលមហាសេដ្ឋីលោក Elon Musk កំពុងពិចារណាទិញយកក្រុមហ៊ុនរុករករ៉ែថ្មីមួយដែលមានឈ្មោះថា Sigma Lithium Corp និងមានទីតាំងនៅក្នុងប្រទេសកាណាដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមបាយការណ៍ចេញផ្សាយបានឱ្យដឹងថា Tesla កំពុងពិភាក្សាអំពីការដេញថ្លៃទិញយកជាមួយក្រុមអ្នកប្រឹក្សាដ៏មានសក្តានុពលនៅក្នុងប្រទេសកាណាដា ដោយក្នុងនោះមានតែ Sigma Lithium តែមួយប៉ុណ្ណោះដែលជាជម្រើសទី១ របស់ Tesla ក្នុងចំណោមជម្រើសនៃក្រុមហ៊ុនជីកយករ៉ែជាច្រើនផ្សេងទៀត។ អាចនិយាយបានថា Sigma ជាក្រុមហ៊ុនដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់ Tesla ខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ពិភពលោកនេះកំពុងស្វែងរក និងត្រៀមចម្រាញ់រ៉ែដោយខ្លួនឯងផ្ទាល់ ក៏ដូចជាគ្រោងកាត់បន្ថយការពឹងផ្អែកទៅលើក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន។

យ៉ាងណាមិញបន្ទាប់ពី Tesla ប្រកាសពីគម្រោងទិញយក ភាគហ៊ុនរបស់ក្រុមហ៊ុន Sigma Lithium បានកើនឡើងខ្ទង់ ២១ភាគរយឯណោះ ដែលធ្វើឱ្យមូលធនប័ត្រទីផ្សាររបស់ Sigma ឈានដល់ចំនួន ៣.២១ពាន់លានដុល្លារ ដោយវាមានតម្លៃខ្ពស់ជាងឆ្នាំ២០២២ ជិត ៣ដងឯណោះ។ តែយ៉ាងណាជុំវិញគម្រោងទិញយកនេះប្រភពនៅមិនទាន់បញ្ជាក់នៅឡើយទេ ថាក្រុមហ៊ុននេះអាចនឹងត្រូវបានលក់ក្នុងតម្លៃប៉ុន្មានទៅអោយ Tesla នោះ ខណៈដែលក្រុមហ៊ុនទាំងពីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការអត្ថាធិប្បាយ៕