(បរទេស)៖ ភាពយន្តបែប Superhero ធំមួយទៀតរបស់ Marvel រឿង «Ant Man» ដែលប្រើបច្ចេកវិទ្យាដ៏ទំនើប ដើម្បីឱ្យមានរូបភាពកាន់តែទាក់ទាញនិងដូចពិតៗ ត្រូវបានរាយការណ៍មកថា រកចំណូលបាន១០៤លានដុល្លារអាមេរិក តាមរយៈការលក់សំបុត្រក្នុងរយៈពេល៣ថ្ងៃដំបូងនៃថ្ងៃបញ្ចាំងនៅអាមេរិកខាងជើង ដែលបានក្លាយជាភាពយន្តខ្នាតធំដំបូងគេបង្អស់ប្រចាំឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ 

ខ្សែភាពយន្តកំពូលវីរបុរស របស់ Marvel នេះ គឺរកចំណូលបានលើសពីការព្យាករណ៍ដែល Disney បានដាក់ឱ្យ ៩៥លានដុល្លារកាលពីដើមសប្តាហ៍ ខណៈ BoxofficePro បានប៉ាន់ប្រមាណថា ការបើកដំណើរការមានចំនួន ១០៣លានដុល្លារ។ Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ភាពយន្តនេះទាញប្រាក់ចំណូលបាន ២២៥ លានដុល្លារនៅទូទាំងពិភពលោក។ 

ភាពយន្ត «Ant-Man and the Wasp: Quantumania» គឺជាភាពយន្តដំបូងក្នុងជំពូកទី ៥ នៃស៊េរីភាពយន្តចក្រវាល Marvel ហើយក្នុងវគ្គនេះ Ant Man នឹងត្រូវឈានជើងចូលទៅក្នុងអាណាចក្រ quantum ដែលជាពិភពពោរពេញដោយសត្វចម្លែកថ្មីៗជាច្រើន។

ថ្វីត្បិតតែមានបច្ចេកវិទ្យាទំនើបទាក់ទាញភ្នែកក៏ដោយ ប៉ុន្តែអ្នកវិភាគភាគច្រើនបានផ្តល់ការវាយតម្លៃតិចតួចដល់ខ្សែភាពយន្តបន្ទាប់ពីពួកគេបានទស្សនានៅថ្ងៃសម្ពោធបញ្ចាំងពិសេស ដែលនាំឱ្យពិន្ទុវាយតម្លៃបានត្រឹមតែ ៥៥% ប៉ុណ្ណោះនៅលើវិបសាយ Rotten Tomatoes (រ៉ូតថិន ថូម៉េថូ)៕