(សៀមរាប)៖ សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ីបាននាំយកកីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ តាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ។
នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន បានឱ្យដឹងថា សមិទ្ធផលដែលដាក់តាំងបង្ហាញនេះទទួលបានពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូប្រចាំកម្ពុជា តាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ មានហូល និងផាមួងនេះ ថ្វីដ្បិតតែធ្វើឡើងថ្មី ក៏ប៉ុន្តែវាត្រឹមត្រូវតាមក្បួនខ្នាតដោយមានឆ្លាក់ក្បាច់លម្អយ៉ាងប្រណិតផង។
លោក គឹមស៊ុន បានបន្តថា វត្តមានកីតម្បាញខ្មែរនៅសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សឧបករណ៍កីតម្បាញបុរាណខ្មែរជាមួយសិប្បកម្មតម្បាញនៅទូទាំងប្រទេសមិនឱ្យបាត់បង់ ព្រោះវិស័យតម្បាញមានភស្តុតាង មនុស្សសម័យបុរេប្រវត្តិដែលរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃ មានចំណេះដឹងក្នុងការត្បាញសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរួចទៅហើយ។
លោក គឹមស៊ុន បញ្ជាក់ទៀតថា កីតម្បាញតាមបែបបុរាណខ្មែរនេះអាចផ្តល់ជាប្រយោជន៍ចំពោះសាធារណជន ភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យការសិក្សាស្វែងយល់ពីកេរដំណែលស្នាដៃបុព្វបុរសខ្មែរដែលមានជាយូរលង់មកហើយ។ ការតាំងបង្ហាញកីតម្បាញនោះទៀតសោត ក៏មិនមែនត្រឹមតែឱ្យភ្ញៀវចូលទៅទស្សនាឧបករណ៍តែប៉ុណ្ណោះទេ គឺអ្នកជំនាញរបស់សារមន្ទីរនឹងពន្យល់ទៅតាមដំណាក់កាលនីមួយៗនៃដំណើរការត្បាញហូល ដើម្បីបង្ហាញជូនភ្ញៀវទស្សនាផង និងអាចឱ្យភ្ញៀវសាកល្បងត្បាញផងក៏បាន ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបត្បាញតាមបែបបុរាណខ្មែរ។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានលក្ខណពិសេសជាងសារមន្ទីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា គឺការដាក់តាំងបង្ហាញកីតម្បាញមកពីប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌា ប្រទេសឡាវ ប្រទេសភូមា ហើយឧបករណ៍ទាំងនោះមានលក្ខណៈពិសេសរៀងៗខ្លួន ដោយបច្ចេកទេសធ្វើឡើងទៅតាមលក្ខខណ្ឌបរិបទនៃបរិស្ថានផ្សេងៗគ្នា។ នាពេលអនាគត សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក៏មានបំណងនាំយកឧបករណ៍តម្បាញមួយចំនួនមកពីតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា មកតាំងបង្ហាញដល់សាធារណជនដែរ។
សូមជម្រាបថា ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប។ លេខទូរស័ព្ទទំនាក់ទំនង (+855)63 765 574៕