(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ការងារពិធីការ ក្នុងការទទួលបដិសណ្ឋារកិច្ចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងឥស្សរជនបណ្ដាប្រទេសផ្សេងៗ ដែលនឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយអនុវត្តនូវយន្ដការ ២ គឺពិធីការកីឡា និងការងារពិធីការ សម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលអញ្ជើញដោយរាជរដ្ឋាភិបាលកម្ពុជា ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅមជ្ឈមណ្ឌលប្រតិបត្តិកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយទទួលបានការអនុញ្ញាតពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បានបញ្ជាក់ថា កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើការងាររៀបចំពិធីការ ដោយបានបញ្ជាក់ និងផ្ដល់នូវព័ត៌មានលម្អិត តាមតួនាទីភារកិច្ច និងយន្ដការការងារប្រទាក់ក្រឡាគ្នា រវាងគណៈកម្មការពិធីការ ដែលដឹកនាំដោយលោកទេសរដ្ឋមន្ដ្រី ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល និងគណៈកម្មការផ្សេងៗ មុនកិច្ចប្រជុំចុងក្រោយ នាថ្ងៃទី០២ ខែមីនាខាងមុខ ដើម្បីលម្អិតម្ដងទៀត លើការងារនេះ ក្នុងប្រតិបត្តិការពិធីបើកស៊ីហ្គេម ឲ្យដំណើរការរលូន និងទទួលបានជោគជ័យ ។

ចំពោះការងារពិធីការនេះដែរ ត្រូវចែកចេញជា ២ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទី១-ការងារពិធីការកីឡា ដែលអញ្ជើញតាមរយៈកីឡា រួមមានប្រធានអូឡាំពិកអន្ដរជាតិ ប្រធានអូឡាំពិកអាស៊ី ប្រធានអូឡាំពិកបណ្ដាប្រទេសក្នុងតំបន់ និងរដ្ឋមន្ដ្រីក្រសួងកីឡា នៃប្រទេសនីមួយៗ និងទី២-ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ ដែលអញ្ជើញដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ដូចជាក្រសួងការបរទេសជាដើម ។

លោកបន្ដថា «រឿងទាំងអស់នេះ យើងបានធ្វើការងារយ៉ាងហ្មតចត់ដូចគ្នា ចំពោះការងារពិធីការទាំងពីរនេះ មួយពិធីការខាងរដ្ឋាភិបាល មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ីអាគ្នេយ៍របស់យើង និងរដ្ឋាភិបាលប្រទេសផ្សេងទៀត ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការបរទេស នឹងអញ្ជើញ។ ចំណែកការងារកីឡា គឺយើងបានធ្វើចប់សព្វគ្រប់ហើយ យើងមានការរៀបចំ ការទំនាក់ទំនង ក៏ដូចជាការរៀបចំត្រៀមទទួលបដិសណ្ឋារកិច្ចរួចរាល់ផងដែរ»

គួរដឹងថា ការងារពិធីការ ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច គឺជារឿងចាំបាច់មួយដ៏សំខាន់ ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលតែងជំរុញ ធ្វើម៉េចត្រូវផ្ដល់ការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងធានាបាននូវសុវត្ថិភាពខ្ពស់បំផុត ដល់ថ្នាក់ដឹកនាំ ប្រតិភូកីឡា និងកីឡាករ-កីឡាការិនី ក៏ដូចជាអ្នកគាំទ្រទាំងអស់ ដែលនឹងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ៕