(បរទេស)៖ បន្ទាប់ពីបណ្តាញអ៊ីនធឺណិតឥតខ្សែ 5G បានដាក់ឱ្យដំណើរការស្ទើរតែជុំវិញពិភពលោកនិងទទួលបានប្រជាប្រិយភាពខ្លាំងពីក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខ្នាតយក្សជាច្រើន ពេលនេះកូរ៉េខាងត្បូងកំពុងតែត្រៀមបញ្ចេញបណ្តាញ 6G បន្ទាប់។ ខណៈដែលប្រទេសនេះចង់ក្លាយជាប្រទេសដំបូងគេដែលបញ្ចេញបណ្តាញអ៊ីនធឺណិតឥតខ្សែទៅជុំវិញពិភពលោកនៅឆ្នាំ២០២៨ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ពីក្រសួងព័ត៌មាន និងទូរគមនាគមន៍របស់កូរ៉េខាងត្បូងបានប្រកាសបង្ហាញនៅថ្ងៃចន្ទសប្តាហ៍នេះថា ការសិក្សាទៅលើលទ្ធភាពស្រាវជ្រាវបច្ចេកវិទ្យា 6G កំពុងចាប់ផ្តើមដំណើរការហើយ ដោយគម្រោងនេះនឹងមានតម្លៃប្រហែល ៤២៨.១លានដុល្លារ។ ជុំវិញការលើកឡើងនេះរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងលើកទឹកចិត្តក្រុមហ៊ុនផលិតក្នុងស្រុកឱ្យផលិតសម្ភារៈសមាសធាតុ និងឧបករណ៍សម្រាប់ការអភិវឌ្ឍន៍បណ្តាញ 6G របស់ខ្លួន។

ជាមួយនឹងគំនិតផ្តួចផ្តើមនេះ ប្រទេសកូរ៉េខាងត្បូងមានគោលបំណងយកឈ្នះលើពិភពលោកទាំងមូលទៅនឹងបច្ចេកវិទ្យា 6G។ កូរ៉េខាងត្បូងគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ី ហើយមាន ២៥.៩ភាគរយនៃប៉ាតង់ 5G ក្នុងឆ្នាំ ២០២២ (ទន្ទឹមនឹងនោះ ប្រទេសចិនមាន ២៦.៨ភាគរយ) ។ រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ខ្លួនអាចបំបែកបាន ៣០ភាគរយ ឬច្រើនជាងនេះនៅក្នុងប៉ាតង់ 6G ក្នុងចំណោមការប្រកួតប្រជែងទូទាំងពិភពលោក៕