(ភ្នំពេញ)៖ អតីតារាសម្តែងជើងចាស់ក្នុងទស្សវត្សរ៍៨០ និង៩០ លោក គន្ធ តារាវណ្ណ ដែលកំពុងតែមានជំងឺប្រចាំកាយ ហើយបាត់បង់សមត្ថភាពសម្ដែង អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសម្រាលនូវទុក្ខលំបាក និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

អំណោយ និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូន លោក គន្ធ តារាវណ្ណ អាយុ៧១ឆ្នាំ ជាតារាសម្តែងជើងចាស់ តាំងពីឆ្នាំ១៩៨៦ ដែលមានជំងឺប្រចាំកាយ (ជំងឺប្រមាត់ ជំងឺសម្ពាធឈាម និងជំងឺលើសជាតិស្ករ) និងសូមថែរក្សាសុខភាព និងអនុវត្តតាមការណែនាំវេជ្ជបញ្ជារបស់ពេទ្យ ដើម្បីឲ្យឆាប់ជាសះស្បើយ។

ក្នុងឱកាសនោះលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់តារាសម្ដែង លោក គន្ធ តារាវណ្ណ និងក្រុមគ្រួសារដោយក្ដីនឹករឭក និងយកចិត្តទុកដាក់។

លោកស្រីបន្តថា ដោយយល់ឃើញថា តារាសម្ដែង គន្ធ តារាវណ្ណ ជានិវត្តន៍ជន និងធ្លាប់ជាតារាសម្ដែងល្បីឈ្មោះមានប្រជាប្រិយភាព ហើយកំពុងតែមានជំងឺប្រចាំកាយទៀតនោះ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយសម្រាលនូវការលំបាក ដែលកំពុងកើតឡើងនៅពេលនេះ ហើយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមជូនពរឲ្យតារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ ថែទាំសុខភាព និងឆាប់ជាសះស្បើយពីជំងឺទាំងអស់នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោក គន្ធ តារាវណ្ណ ដល់គេហដ្ឋានផងដែរ៕