(ភ្នំពេញ)៖ នៅថ្ងៃទី២៥ និង ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ក្រុមនិស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងប្រារព្ធកម្មវិធីកិច្ចប្រជុំគំរូអាស៊ានលើកទី៤ (4th Model ASEAN Meeting at AUPP or MAMA 2023) ដោយមានការគាំទ្រពីសាកលវិទ្យាល័យ ពិសេសនាយកដ្ឋានសិក្សាកិច្ចការសាកល (Department of Global Affairs) និងមានការឧបត្ថម្ភពីម្ចាស់អាជីវកម្មមួយចំនួន។

យោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា កិច្ចប្រជុំគំរូអាស៊ាន នឹងផ្តល់ឱកាសដល់សិស្សានុសិស្សចាប់ពីថ្នាក់វិទ្យាល័យ និងថ្នាក់បរិញ្ញាបត្រសរុបចំនួន ១០០នាក់ ដែលមានសមត្ថភាពផ្នែកភាសាអង់គ្លេសគ្រប់គ្រាន់ និងមានឆន្ទៈចង់យល់ច្បាស់ពីនីតិវិធីនៃការប្រជុំអាស៊ាន ដើរតួជាមន្រ្តីជាន់ខ្ពស់តំណាងឱ្យប្រទេស ដែលជាសមាជិកអាស៊ាន ដើម្បីចូលរួមប្រជុំគំរូអាស៊ាន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងដែលកំពុងកើតមានឡើងនៅក្នុងតំបន់។

ប្រធានបទសម្រាប់ការប្រជុំគំរូនេះមាន ៣សំខាន់ៗ៖

* ទី១៖ ប្រឆាំងនឹងការរៀបចំការជួញដូរគ្រឿងញៀនដើម្បីគោលដៅអាស៊ានគ្មានគ្រឿងញៀន (Combating drug trafficking organizations in pursuance of a drug-free ASEAN)

* ទី២៖ សេដ្ឋកិច្ចបៃតង៖ «ពង្រឹងភាពធន់នឹងថាមពល និងសន្តិសុខក្នុងអាស៊ាន (Green economy: enhancing energy resilience and security in ASEAN)»

* ទី៣៖ ការកសាងសហគមន៍អាស៊ាន៖ «ការផ្តល់សិទ្ធិអំណាចដល់ការចូលរួមរបស់យុវជនក្នុងការអនុម័តគោលនយោបាយ (ASEAN Community-building: empowering youth’s participation in policy enactment)»។

កិច្ចប្រជុំគំរូអាស៊ាននេះ នឹងជំរុញការយល់ដឹងរបស់យុវជនជំនាន់ក្រោយឱ្យស្គាល់ពីដំណាក់កាលនៃកិច្ចប្រជុំជាក់ស្តែង អភិវឌ្ឍន៍សមត្ថភាពធ្វើកិច្ចការជាក្រុម ការស្រាវជ្រាវ ការនិយាយជាសាធារណៈ ការជជែកវែកញែក និងសមត្ថភាពនៃការទាក់ទាញដឹកនាំ ប្រទេសដទៃឱ្យគាំទ្រការសម្រេចរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហា។ ការយល់ដឹងពីអាស៊ានពិតជាមានសារៈសំខាន់ចំពោះយុវវជន មិនគ្រាន់តែចំពោះនិស្សិតក្នុងជំនាញទំនាក់ទំនងអន្តរជាតិនោះទេ ថែមទាំងចំពោះនិស្សិតក្នុងជំនាញបច្ចេកវិទ្យាកុំព្យូរទ័រ គ្រប់គ្រង ធុរកិច្ចជាដើម។

បទពិសោធន៍ទាំងនេះ នឹងលើកតម្កើងចំណេះដឹងនៃពិភពលោក និងក្នុងតំបន់ដើម្បីបង្កើនការចូលរួមពីយុវជនដេលមានសមត្ថភាព ក្នុងការអភិវឌ្ឍសង្គមជាតិនាពេលអនាគត៕