(ភ្នំពេញ)៖ មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (RCI Fund) សហការជាមួយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកម្មវិធីគម្រោង ទស្សនកិច្ចវិទ្យាសាស្រ្ត ដោយផ្តោតលើការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត, ការអនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត, ការអនុវត្ត Computer coding ជាមួយ Robotic និងការសិក្សាជាមួយមាតិកាអប់រំឌីជីថលដែលប្រព្រឹត្តនៅវិទ្យាល័យ ជាស៊ីមសាមគ្គី និងវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានីច្បារអំពៅ។

តាមរយៈកម្មវិធីខាងលើដែលបានរៀបចំកាលពីពេលថ្មីៗកន្លងមកនេះ ក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ក្នុងការធ្វើការសាកល្បង និងមានឱកាសអនុវត្តជាក់ស្តែងជាមួយក្រុមការងារ លើដំណើរការពិសោធជាច្រើន និងមានការសាកសួរព័ត៌មាន ចំណេះដឹង ទាក់ទងនឹងបច្ចេកវិទ្យា Robotics និង Coding ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃយ៉ាងស្វិតស្វាញ ដើម្បីជាប្រយោជន៍ក្នុងការផ្សារភ្ជាប់នឹងអ្វី ដែលបានសិក្សារួច យកមកអនុវត្តផ្ទាល់ ។

លើសពីនេះទៅទៀត លោកនាយក ក៏ដូចជាសិស្សានុសិស្សនៃវិទ្យាល័យខាងលើនេះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្រោយពីបានចូលរួម ដោយបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារ មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (RCI Fund) ជាមួយមជ្ឃមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) ដែលបានយកចិត្តទុកដាក់បង្កើតកម្មវិធីនេះឡើង និងស្នើសុំឱ្យមានកម្មវិធីបែបនេះបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា កម្មវិធីគម្រោងទស្សនកិច្ចវិទ្យាសាស្រ្ត ដោយផ្តោតលើការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត, ការអនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត, ការអនុវត្ត Computer coding ជាមួយ Robotic និងការសិក្សាជាមួយមាតិកាអប់រំឌីជីថល ដោយផ្ទាល់នៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗមានគោលបំណងដូចខាងក្រោម៖

* ផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យបានឃើញ និងស្វែងយល់លើដំណើរការពិសោធមួយចំនួនទាក់ទង នឹងមុខវិជ្ជាវិទ្យាសាស្រ្ត ដែលមាននៅក្នុងកម្មវិធីសិក្សា
* អនុញ្ញាតឱ្យសិស្សានុសិស្សឡើងធ្វើការសាកល្បង និងអនុវត្តជាក់ស្តែង លើដំណើរការពិសោធមួយចំនួនដោយផ្ទាល់
* លើកទឹកចិត្តឱ្យសិស្សស្វែងយល់ និងសាកសួរព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យា Robotics និងCoding ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ
* បង្ហាញជូនដល់សិស្សានុសិស្ស នូវឃ្លាំងមាតិកាអប់រំឌីជីថល (វីដេអូនៃការបង្រៀន វីដេអូនៃការពិសោធ និងកម្រងសន្លឹកកិច្ចការ) សម្រាប់លើកកម្ពស់ការរៀនសូត្រតាមបែបការអប់រំឌីជីថល តាម រយៈគេហទំព័រ www.duraseksa.com ដែលជាគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា
* ជំរុញ និងលើកទឹកចិត្តឱ្យសិស្សចាប់អារម្មណ៍លើមុខវិជ្ជាវិទ្យាសាស្ត្រ និងការត្រៀមខ្លួនចូលសិក្សាមុខវិជ្ជា STEM នៅកម្រិតឧត្តមសិក្សា ដើម្បីជាផ្នែកមួយក្នុងការចូលរួមឆ្លើយតបជាមួយនឹងតម្រូវ ការទីផ្សារការងារ ស្របតាមបដិវត្តន៍ឧស្សាហកម្ម៤.០ ៕