(ភ្នំពេញ)៖ ក្រុមហ៊ុន ខូហ្វី និងអង្គការ SNV បានសហការគ្នាលើគម្រោង «អភិវឌ្ឍន៍ដោយចីរភាពនៃខ្សែច្រវាក់តម្លៃដំណាំកាហ្វេ នៅខេត្តមណ្ឌលគិរី» គាំទ្រដោយមូលនិធិហូឡង់ សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍ដំណាំកាហ្វ តាមរយៈបណ្តុះបណ្តាលកសិករបន្ថែមទៀត ទៅលើការដាំដុះកាហ្វេ ស្របតាមស្តង់ដាអន្តរជាតិ។

ការចុះអនុស្សរណៈ (MOU) លើកិច្ចសហការផ្តល់មូលនិធិនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Remco van Wijngaarden ឯកអគ្គរដ្ឋទូតប្រទេសហូឡង់ប្រចាំកម្ពុជា, មន្រ្តីជាន់ខ្ពស់របស់ធានាគារអភិវឌ្ឍន៍សហគ្រិនហូឡង់ (FMO) តំណាងក្រុមហ៊ុនខូហ្វី និងអង្គការ SNV គាំទ្រដោយមូលនិធិហូឡង់ សម្រាប់អភិវឌ្ឍន៍អាកាសធាតុ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នាសណ្ឋាគារ សូហ្វីតែលភ្នំពេញ។

លោក ឌិត ទីណា បានថ្លែងថា​ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែគាំទ្រអស់ពីលទ្ធភាព ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកច្បាប់ ហើយជាមួយគ្នានេះផងដែរ ទាំងការគាំទ្រជាលក្ខណៈពាណិជ្ជកម្ម ផ្តល់នូវឱកាសដើម្បីឲ្យក្រុមហ៊ុននីមួយៗ បានធ្វើឲ្យគេស្គាល់ កាហ្វេនេះ ជាដំណាំមួយដែលសំខាន់ណាស់ ជាដំណាំដែលអាចដុះបាន ក្នុងប្រទេសកម្ពុជាយើង ហើយកាហ្វេមានទីផ្សារធំ ប៉ុន្តែផ្សារភ្ជាប់រវាងការដាំដុះទៅដល់ទីផ្សារ ជាការលំបាកបំផុត មិនមែនជាបញ្ហាបច្ចេកទេសទេ តែជាបញ្ហាស្វែងយល់ពីទីផ្សារ»

រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននឹងបន្តធ្វើការជាមួយប្រជាកសិករ ក្រសួងកសិកម្មនឹងជួយជ្រោមជ្រែង ដើម្បីអាចកសាងទំនុកចិត្តជាមួយប្រជាកសិករ ដែលដាំកាហ្វេបាន ហើយធ្វើយ៉ាងណាឲ្យការដាំកាហ្វេនេះ ត្រឹមត្រូវតាមស្តង់ដារ។ ការធ្វើបាននេះក៏ដោយសារតែក្រុមហ៊ុនមានទីផ្សារច្បាស់លាស់ ហើយលោកសង្ឃឹមថា កាហ្វេរបស់ក្រុមហ៊ុនខូហ្វីនេះ នឹងត្រូវបានការទទួលស្គាល់ ទូទាំងពិភពលោកផងដែរ។

លោក ហ៉ឺ តារា តំណាងក្រុមហ៊ុន ខូហ្វី បានលើកឡើងថា «ការប្រើប្រាស់គ្រាប់កាហ្វេឆៅ នៅក្នុងស្រុករបស់ក្រុមហ៊ុនខូហ្វី គឺនៅមានចំនួនតិចតួចនៅឡើយ នេះដោយសារតែគុណភាព គ្រាប់កាហ្វេរបស់កម្ពុជាយើងពុំទាន់ល្អ និងបរិមាណមិនទាន់គ្រប់គ្រាន់ សម្រាប់ផលិតជាកាហ្វេ ដែលក្រុមហ៊ុនត្រូវការ ក៏ដូចជាបំពេញចិត្តរបស់អតិថិជន ខណៈដែលបច្ចុប្បន្នដំណាំកាហ្វេ ក្នុងខេត្តមណ្ឌលគិរី កំពុងដាំដុះភាគច្រើន ដោយជនជាតិដើមភាគតិច មានទិន្នផល និងគុណភាពមិនទាន់ប្រសើរ ដោយសារកសិករខ្វះជំនាញ និងបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងការទុកដាក់ក្រោយពេលប្រមូលផល»

លោកបន្ថែមថា ការកែច្នៃពីគ្រាប់កាហ្វេទុំ មកជាគ្រាប់កាហ្វេឆៅ ឬគ្រាប់កាហ្វេបៃតង ត្រូវបានធ្វើឡើងតាមទម្លាប់ពីមុនៗមកតាមគ្នា និងធ្វើដោយផ្ទាល់ដៃ ដែលជាហេតុធ្វើឲ្យគុណភាពធ្លាក់ចុះ ហើយត្រូវប្រើប្រាស់កំលាំងពលកម្មច្រើន និងគ្រាប់កាហ្វេឆៅទទួលបានតម្លៃទាប និងគ្មានទីផ្សារច្បាស់លាស់។ កត្តាទាំងអស់នេះហើយ ដែលធ្វើអោយកសិករភាគច្រើន បានបោះបង់ដំណាំកាហ្វេ និងប្តូរទៅដាំដំណាំផ្សេងវិញ។

ការចុះ MOU លើកិច្ចសហការនេះ ក៏ជាការបើកទំព័រថ្មីរបស់ក្រុមហ៊ុនខូហ្វី ក៏ដូចជាប្រជាកសិករ ដំណាំកាហ្វេនៅខេត្តមណ្ឌលគីរីផងដែរ ដោយក្រុមហ៊ុនបានបេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ ដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងកែលំអរគុណភាព និងពង្រីកការដាំដុះ ដំណាំកាហ្វេអោយ ស្របតាមតម្រូវការទីផ្សារ និងបង្កើនផលិតភាព ដែលអាចអោយកសិករទទួល បាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។

នៅក្នុងគម្រោងនេះក្រុមហ៊ុននឹងបង្កើតជាទីតាំងប្រមូលទិញ និងស្តុកទុកគ្រាប់កាហ្វេ កន្លែងកែរឆ្នៃគ្រាប់កាហ្វេ កន្លែងបណ្តុះកូនពូជ និងស្រាវជ្រាវដំណាំកាហ្វេ ហើយក្រុមហ៊ុននឹងបង្កើតជាកសិដ្ឋានគំរូ ដើម្បីបណ្តុះបណ្តាលបងប្អូនកសិករ ហើយក៏ជាកន្លែងអប់រំសាធារណៈ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរ ដែលស្រលាញ់ និងចូលចិត្តទទួលទានកាហ្វេផងដែរ។

ក្រុមហ៊ុនខូហ្វី និងអង្គការ SNV នឹងសហការជាមួយនឹងអ្នកជំនាញកាហ្វេពីបរទេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី ក្នុងការអនុវត្តសកម្មភាពការងារតាមផែនការ ដែលបានគ្រោងទុក ហើយក្រៅពីជួយទ្រទ្រង់ និងលើកស្ទួយជីវភាពប្រជាកសិករដំណាំកាហ្វេ ក្រុមហ៊ុនក៏មានការសង្ឃឹមយ៉ាងមុះមុតថា ក្នុងថ្ងៃអនាគត គ្រាប់កាហ្វេក្នុងស្រុក អាចនិងមានគុណភាពល្អល្បីល្បាញ នៅលើទីផ្សារអន្តរជាតិ និង នាំចេញទៅក្រៅប្រទេសផងដែរ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ និងការបង្កើតថ្មី ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនខូហ្វី ក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់ នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា។

ក្រុមហ៊ុនខូហ្វី បាននាំចូលកាហ្វេលីងស្រាប់ និងវិចខ្ចប់រួចជាស្រេចពីប្រទេសអ៊ីតាលី ដើម្បីផ្គត់ផ្គង់ និងចែកចាយ នៅក្នុងទីផ្សារប្រទេសកម្ពុជា រហូតមកដល់ឆ្នាំ២០១៣ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍ និងចាប់ផ្តើមលីងកាហ្វេដោយខ្លួនឯង ដោយម៉ាស៊ីនស្វ័យប្រវត្តិ និងបានដាក់ឈ្មោះថា កាហ្វេអរុណ។ ហើយជាបន្តបន្ទាប់មកទៀត ក្រុមហ៊ុនខូហ្វីក៏បានបង្កើតរសជាតិកាហ្វេ ៣មុខ ទៀតសម្រាប់អតិថិជនយក ទៅធ្វើអាជីវកម្មបន្ត ដែលមានឈ្មោះថា កាហ្វេសាយ័ណ្ហ ក្នុងឆ្នាំ ២០១៦ និងកាហ្វេ គិរី និងកាហ្វេ សាគរ ក្មុងឆ្នាំ ២០២០។

នៅក្នុង ២០២២ កន្លងទៅនេះក៏បានបង្កើតចេញកាហ្វេចំនួន២មុខ ផ្សេងទៀតសម្រាប់អតិថិជនទទួលទាន នៅតាមគេហដ្ឋានគឺ កាហ្វេវាយោ និងកាហ្វេវេហា។ ក្រុមហ៊ុនក៏បានសហការបង្កើតកាហ្វេរាប់រយមុខទៀត ជាមួយដៃគូអាជីវកម្មនៅតាមភោជនីដ្ឋាន សណ្ឋាគារ និង ហាងកាហ្វេផ្សេងៗ។ រាល់ផលិតផលកាហ្វេរបស់ក្រុមហ៊ុនខូហ្វី ត្រូវបានផលិតឡើងដោយអ្នកជំនាញ ដែលមានបទពិសោធន៍ និងការបណ្តុះបណ្តាល ជាមួយនឹងម៉ាស៊ីនលីង និងប្រព័ន្ធគ្រប់គ្រងដែលមានបច្ចេកវិទ្យាទំនើប និងប្រកបដោយអនាម័យខ្ពស់។

ជាក់ស្តែងក្រុមហ៊ុនខូហ្វីជាក្រុមហ៊ុនតែមួយគត់ នៅប្រទេសកម្ពុជា ដែលទទួលបាននូវ វិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពចំណីរ អារហារពិភពលោក GHPs HACCP និង ISO 22000 ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគោលការណ៍ អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh