(លីវើភូល)៖ ក្រុមការពារតំណែងជើងឯក Real Madrid បានយកឈ្នះម្ចាស់ផ្ទះ Liverpool ក្នុងលទ្ធផល ៥ទល់នឹង២ នាយប់មិញនេះនៅកីឡដ្ឋាន Anfield ដែលជាកិច្ចចាប់ផ្តើមក្នុងជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League។

នេះក៏ជាលើកដំបូងផងដែរសម្រាប់ហង្សក្រហម Liverpool ដែលរបូតចាប់ពី ៤គ្រាប់ឡើងទៅក្នុងកីឡដ្ឋាន Anfield របស់ខ្លួនក្នុងប្រវត្តិសាស្រ្តលេងពានអឺរ៉ុប គ្រាដែល Real Madrid ក៏បានក្លាយជាក្រុមដំបូងគេផងដែរក្នុងការរកបាន ៥គ្រាប់នៅក្នុងផ្ទះរបស់ហង្សក្រហមបែបនេះ ក្រោយពេលរបូត ២គ្រាប់ភ្លាមៗត្រឹមរយៈពេលតែ ១៤នាទីប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Darwin Nunez ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទីទី៤ នៅមុនពេលមិត្តរួមក្រុម Mohamed Salah បន្ថែមគ្រាប់ទី២ នៅ ១០នាទីបន្ទាប់ នៅពេលកីឡាករចាំទី Thibaut Courtois របស់អធិរាជសពុំអាចជួយសង្រ្គោះបានឡើយ។

តែយ៉ាងណា Vinicius Junior ជាអ្នករកបាន ២គ្រាប់តាមស្មើវិញ មុនពេលបញ្ចប់វគ្គទី១ រយៈពេល ៤៥នាទី ជាមួយ Militao រកបានគ្រាប់នាំមុខឲ្យ Real Madrid វិញត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ២នាទីប៉ុណ្ណោះ នៅពេលតារាជើងស៊ុត Karim Benzema បន្ថែម ២គ្រាប់ចុងក្រោយម្នាក់ឯង ក្នុងការរកបានគ្រាប់ចំណេញ ៣គ្រាប់ក្នុងដៃមុនពេលចាប់ផ្តើមជើងទី២ នៅទឹកដីអេស្ប៉ាញវិញ។

នេះមានន័យថា Liverpool ត្រូវតែធ្វើការធ្ងន់បន្ថែមទៀត ដូចកាលពួកគេឈ្នះជើងឯក UEFA Champions League ក្នុងឆ្នាំ២០១៩ ដែលបានចាញ់ FC Barcelona ៣ទល់នឹង០ សម្រាប់ជើងទី១ មុនពេលវាយបកឈ្នះ ៤-០ វិញក្នុងជើងទី២ នៅទឹកដីអង់គ្លេសដ៏អស្ចារ្យពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕