(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌាអនុវត្តការងារជួសជុលកម្រាលថ្មភក់នៅប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើងវិញ។
គួរជម្រាបថា ការងារខាងលើនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដំណើរការនៃការរៀបចំជួសជុលកម្រាលថ្មភក់នៅតួកណ្តាលនេះ ជាដំបូងក្រុមការងារបានរើថ្មភក់ដែលនៅរាយប៉ាយ ធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម និងរកឃើញថ្មមួយចំនួនជាថ្មដំបូល និងថ្មរចនាសម្ពន្ធនៃសំណង់ផ្សេងទៀតដែលបានរលុះជ្រុះធ្លាក់មក ហើយបានរៀបចំឱ្យមានសណ្តាប់ មានសុវត្តិភាពទាំងថ្ម និងភ្ញៀវទេសចរផង និងងាយស្រួលនៅពេលខាងមុខ បើត្រូវការយកថ្មទាំងនេះទៅដាក់នៅទីតាំងដើមឡើងវិញ។
លោក ចាន់ ឡាយ បានបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរវិញហើយ ក្រុមការងារសម្រេចយកជើងទម្រធ្វើពីថ្មភក់ដែលគេជឿថាមានតួនាទីតម្កល់បដិមាប្រាជ្ញាបារមីយកមកដាក់នៅទីតាំងដើមឡើងវិញ ដែលត្រូវបានរំកិលចេញនាពេលកន្លងមកដើម្បីរៀបចំវង់ទស្សនា ហើយដើម្បីការពារមានការយកវត្ថុផ្សេងៗមកដាក់ចូលក្នុងប្រហោងរន្ធជើងទម្រ ឬស្លឹកឈើធ្លាក់ចូលនាំឱ្យបាត់បង់តម្លៃ និងរក្សាបានសណ្តាប់ធ្នាប់ល្អ ទើបក្រុមការងាររៀបចំដាក់កញ្ចក់ថ្លាពីខាងលើ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែអាចមើលឃើញទម្រង់នៃជើងទម្របានជាធម្មតា។
លោក ចាន់ ឡាយ បានបញ្ជាក់ថា ដោយសារផ្នែកកម្រាលដើមនៃតួប្រាង្គកណ្តាលមានសណ្ឋានជ្រៅដែលចោទពិបាកដល់ការដើររបស់ភ្ញៀវទេសចរ ក្រុមការងារបានក្រាលក្តារជាកម្រាលនៅជុំវិញជើងទម្រ និងផ្នែកសងខាងដើម្បីសម្រួលការដើរឆ្លងកាត់ដោយមានសុវត្ថិភាព។
សូមជម្រាបថា ទីតាំងប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្មមិនរំលង ទីនេះមានដើមត្រាងដែលភ្ញៀវទេសចរចូលមកថតរូបភាពមិនលុះ និងជាផ្លូវវង់ទស្សនាឆ្លងកាត់ដ៏សំខាន់ដើម្បីទៅទស្សនាដើមឈើធំៗផ្សេងក្នុងប្រាសាទតាព្រហ្មនេះ៕