(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ចប់ការប្រកួតកីឡាអេឡិចត្រូនិកដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសា Mobile Legends: Bang Bang (MLBB) ហើយ ក្រោយដំណើរការប្រកួតជិត ១សប្ដាហ៍ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន T.Y Media ដើម្បីស្វែងរកអត្តពលិកមានសមត្ថភាព និងទេពកោសល្យខ្ពស់ ចូលរួមជាមួយក្រុមជម្រើសជាតិលើវិញ្ញាសា MLBB ក្រុមបុរស និងក្រុមនារី សម្រាប់ត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាពេលខាងមខ។

ពិធីបិទការប្រកួតនេះធ្វើឡើងក្រោមវត្តមានលោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធ និងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរ។ ការប្រកួត MLBB នេះ បែងចែកជា២ គឺផ្នែកក្រុមបុរស ដែលធ្វើការប្រកួតជម្រុះពីថ្ងៃទី១៧-១៩ ខែកុម្ភៈ មាន ១៧៩ក្រុមចូលរួម និងផ្នែកក្រុមនារី ប្រកួតជម្រុះពីថ្ងៃទី១៨-១៩ ខែកុម្ភៈ មាន ២២ក្រុមចូលរួម មុនចម្រាញ់បានក្រុមខ្លាំង ៤ក្រុមលើវិញ្ញាសានីមួយៗ ឡើងមកប្រកួតជុំចុងក្រោយនៅថ្ងៃទី២៥-២៦ ខែកុម្ភៈកន្លងទៅ។

ជាលទ្ធផលបេក្ខភាព ៤ក្រុមចុងក្រោយផ្នែកបុរស គឺមានក្រុម CFU Gaming, Team MAX, Burn X Flash និងក្រុម 12Happy។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជុំចុងក្រោយ គឺក្រុម Burn X Flash បានគ្រងជើងឯក ក្រោយយកឈ្នះគូប្រជែង CFU Gaming ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣-១។ រីឯ ៤ក្រុមចុងក្រោយ ផ្នែកក្រុមនារី រួមមានក្រុម Soon Crystal, DG Angelz, CFU Serendipity និងក្រុម Team MAX Pixies ហើយជើងឯកបានទៅក្រុម DG Angelz បន្ទាប់ពីយកឈ្នះក្រុម CFU Serendipity ដោយលទ្ធផល ៣-១ ដូចគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ។

តាមការបញ្ជាក់របស់លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ចំពោះបេក្ខភាព ៤ក្រុមចុងក្រោយទាំងផ្នែកបុរស និងនារី នឹងត្រូវបានគណៈកម្មការជំនាញ និងគ្រូបង្វឹករបស់សហព័ន្ធ ធ្វើការជ្រើសរើសសមាជិកនៃក្រុមនីមួយៗដែលមានជំនាញខ្លាំងលើផ្នែកនីមួយៗ ដើម្បីបង្កើតជាក្រុមជម្រើសជាតិកម្ពុជា សម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។ ដូច្នេះលោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

ជាមួយគ្នាដែរ លោក ជា ច័ន្ទបរិបូរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍នេះ ក្នុងន័យបំផុសចលនា និងជំរុញការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ពិសេសដើម្បីសម្រិតសម្រាំងបាននូវធនធានកីឡាករ-កីឡាការិនីមានសមត្ថភាពពិតប្រាកដ សម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូងនៅកម្ពុជា។ ប្រធានសហព័ន្ធដដែលបានក្រើនរំឮកដល់កីឡាករ-កីឡាការិនីទៀតថា ដើម្បីក្លាយជាកីឡាករពិតប្រាកដ គឺត្រូវប្រកាន់ភ្ជាប់នូវវិន័យជាចម្បង បន្ថែមលើចំណេះដឹងកុំព្យូទ័រ ដើម្បីទទួលបានជោគជ័យលើវិស័យកីឡាទំនើបមួយនេះ៕