(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Manchester United បានក្លាយជាជើងឯកពាន League Cup 2023 បន្ទាប់ពីលេងឈ្នះសារិកាព្រៃ Newcastle United ២ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ ដែលជាពានដំបូងគេ គិតចាប់តាំងពីឆ្នាំ២០១៧ មក។

ខ្សែបម្រើប្រយុទ្ធ Casemiro ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី៣៣ ពីការតែតបញ្ចូលទីបានសម្រេច ក្រោយពេល Luke Shaw លើកបាល់ free-kick ផុតដៃកីឡាករចាំទី Loris Karius ដែលគ្រូបង្វឹក Newcastle លោក Eddie Howe ដាក់ឲ្យចូលចាំទីជំនួស Nick Pope ដែលកំពុងជាប់បម្រាមនោះ។

នេះក៏ជាគ្រាប់ទី៤ សម្រាប់កីឡាករអន្តរជាតិប្រេស៊ីលផងដែរ ពីការចូលលេងបាន ១២ប្រកួតគ្រប់កម្មវិធីជាមួយបិសាចក្រហមគិតចាប់តាំងពីផ្ទេរចេញពីក្លិបអេស្ប៉ាញ Real Madrid។

៦នាទីក្រោយមក Marcus Rashford បន្តរកបានគ្រាប់ទី២ ឲ្យក្រុមរបស់លោក Erik ten Hag ទៀតក្នុងការធានាជ័យជម្នះនៅកីឡដ្ឋាន Wembley ដ្បិត Newcastle United ខិតខំវាយសម្រុកវិញដែរ នៅតែធ្វើមិនបានសម្រេច ក្នុងការឈ្នះពាន League Cup នេះត្រឡប់មកវិញម្តងទៀត គិតចាប់តាំងពីឆ្នាំ១៩៦៩ មក នៅពេល Man Utd ត្រូវរង់ចាំអស់ ៦ឆ្នាំក្នុងការឈ្នះពានណាមួយ គិតចាប់តាំងពីគ្រងជើងឯកពានចុងក្រោយ UEFA Europa League ស្ថិតក្រោមការបង្វឹករបស់លោក Jose Mourinho ជាមួយនឹងជ័យជម្នះពានលំដាប់ទី៣ អង់គ្លេសនេះដែរក្នុងរដូវកាលតែមួយ៕