(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nisan Motor Co Ltd គ្រោងបោះទុនវិនិយោគក្នុងការបង្កើតចក្រផលិតអាគុយរថយន្តអគ្គិសនីដ៏ធំទីពីររបស់ខ្លួននៅសហរដ្ឋអាមេរិក ដើម្បីជួយបំពេញតម្រូវការសម្រាប់ច្បាប់កាត់បន្ថយអតិផរណា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈសេចក្តីថ្លែងការណ៍អំពីយុទ្ធសាស្រ្តអគ្គិសនីនៅថ្ងៃនេះ ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុន Nissan លោក Ashwani Gupta បាននិយាយថា Nissan មានគោលបំណងបង្កើនចំណែកនៃការលក់រថយន្តអគ្គិសនីជាសកលរបស់ខ្លួនបន្ថែមទៀតប្រមាណ ៥ភាគរយ ដែលកើនឡើងដល់ខ្ទង់ ៥៥ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុនមានត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ។

បើយោងតាមសេចក្តីថ្លែងការណ៍ពីមុនរបស់ Nissan មានគម្រោងផលិតរថយន្តអគ្គិសនីថ្មីឱ្យបានត្រឹមតែ ២៧គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៣០ សម្រាប់រោងចក្រទី១ របស់ខ្លួន ដោយក្នុងនោះមានរថយន្តអគ្គិសនីចំនួន ១៩គ្រឿង និងក្រៅពីនោះជារថយន្តប្រើប្រាស់ថាមពលសាំងធម្មតា។ ដោយឡែកចំពោះរបាយការណ៍ចុងក្រោយនេះ Nissan កំពុងគិតគូបង្កើនការផលិតបន្ថែមទៀត ខណៈគេនៅមិនទាន់បញ្ជាក់ពីចំនួនផលិតរថយន្ត និងទំហំបោះទុនវិនិយោគនៅឡើយ៕