(កូរ៉េ)៖ សមាជិកម្នាក់ទៀតក្នុងក្រុមចម្រៀងល្បីឈ្មោះ BTS គឺ J-Hope បានសម្រេចលុបចោលសំណើរសុំពន្យារពេលការចូលបម្រើការងារ បានន័យថា តារារូបនេះ នឹងត្រូវចូលបំពេញកាតព្វកិច្ចយោធារបស់ខ្លួនឆាប់ៗ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreatimes នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ជុំវិញដំណឹងនេះ​ផលិតកម្ម BigHit Music មិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយអំពីពេលវេលាដែល J-Hope នឹងចូលបម្រើយោធានោះទេ ដោយគ្រាន់តែនិយាយថា ក្រុមហ៊ុននឹងធ្វើការប្រកាសភ្លាមៗនៅពេលដែលមានការជូនដំណឹងអំពីការចុះឈ្មោះចូលបម្រើការងារ។ ការផ្លាស់ប្តូរនេះបានកើតឡើងពីរខែ បន្ទាប់ពី Jin សមាជិក BTS ចាស់ជាងគេបានចូលបម្រើកងទ័ពជាលើកដំបូង ហើយស្របនឹងការប្រកាសថា សមាជិកទាំងប្រាំពីរនៃក្រុមចម្រៀង K-pop គ្រោងនឹងបំពេញកាតព្វកិច្ចយោធារបស់ពួកគេ តាមអ្វីដែលរដ្ឋាភិបាលបានកំណត់។

គួរជម្រាបថា ក្នុងប្រទេសកូរ៉េខាងត្បូង បុរសដែលគ្រប់អាយុទាំងអស់ តម្រូវឱ្យបម្រើក្នុងជួរយោធារយៈពេលប្រហែលពីរឆ្នាំ៕