(រីយ៉ាដ)៖ Tommy Fury ដែលត្រូវជាប្អូនប្រុសរបស់ Tyson Fury នោះ បានបន្តក្តោបក្តាប់ខ្សែក្រវាត់ WBC Light-heavyweight ទៀត ក្រោយផ្តួលកីឡាករវ៉ៃមិនដែលចាញ់ Jack Paul ដោយពិន្ទុឯកច្ឆន្ទនៅទឹកដីអារ៉ាប៊ីសាអូឌីត។

ក្នុងប្រកួតដែលមានតែ ៨ទឹកជាប្រវត្តិសាស្រ្តក្នុងប្រដាល់សកលនោះ ត្រូវបានធ្វើឡើងនៅសង្វៀន Diriyah Arena ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានប្រមាណ ១៥០០នាក់នាថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ចៅក្រមទី១ បានផ្តល់ពិន្ទុ ៧៥-៧៤ ឲ្យទៅកីឡាករវ័យ ២៣ឆ្នាំ Fury ស្របពេលចៅក្រម ២រូបផ្សេងទៀតបានផ្តល់ពិន្ទុ ៧៦-៧៣ ដូចគ្នាសម្រាប់គេដែរ។

តាមរយៈជ័យជម្នះនេះ Tommy Fury បានរក្សាកំណត់ត្រាឡើងវ៉ៃជាលក្ខណៈអាជីព ៩ប្រកួតមិនចាញ់ឡើយ ដោយក្នុងនោះឈ្នះដោយពិន្ទុចំនួន ៥លើក និងផ្តួលដៃគូឲ្យសន្លប់លើសង្វៀនបាន ៤ដង និងជាការបរាជ័យលើកដំបូងរបស់ Jack Paul ក្នុងការឡើងប្រកួតលើកទី៧ នេះ។

ក្រោយទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នេះ Fury បានថ្លែងប្រាប់ BT Sport ដោយអារម្មណ៍ពិតថា «អស់កាល ២ឆ្នាំកន្លងទៅនេះ ទាំងអស់នេះតែងតែជំរុញចិត្តខ្ញុំរាល់ថ្ងៃ។ មុនការប្រកួតមកដល់ គ្រប់គ្នាគិតថា ខ្ញុំខ្លាច ក៏ប៉ុន្តែពេលនេះ ខ្ញុំអាចធ្វើបានហើយ»

Fury ដែលទទួលបានកូនស្រី Bambi ក្នុងថ្ងៃប្រកួតនេះដែរបានបន្តថា «នេះគឺជាការប្រកួតលើកដំបូងដែលសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ ដោយសន្យានឹងធ្វើឲ្យធំ និងប្រសើរឡើងថែមទៀត ហើយក៏ទទួលការសងសឹកដោយក្តីរីករាយផងដែរ ប្រសិនបើ Paul ចង់»

ចំណែកឯ Paul វិញក៏បានថ្លែងដោយគោរពចំពោះ Tommy ថា ពិតជាស័ក្តិសមទទួលបានជ័យជម្នះនេះ ដោយសង្កត់ធ្ងន់ថា «កុំវាយតម្លៃខ្ញុំតែពេលឈ្នះ ចូរវាយតម្លៃនៅពេលចាញ់វិញ។ ខ្ញុំមិនដឹងទេថា ខ្ញុំយល់ស្របទាំងស្រុងទៅលើចៅក្រមកាត់ក្តីលើកនេះ ក៏ប៉ុន្តែវាបានកំណត់រួចហើយ។ នោះគឺជាប្រដាល់ពិភពលោក»