(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាដែលមានវ័យចំណាស់ជាងគេរបស់ប្រទេសហ្វាំងឡង់ Nokia បានប្រកាសពីការផ្លាស់ប្តូរអត្តសញ្ញាណម៉ាកយីហោរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំ ជាមួយនឹងការប្តូរ Logo ថ្មីប្លែកភ្នែកដែលរួមបញ្ចូលគ្នានូវពណ៌ចំនួនប្រាំខុសគ្នាបង្កើតបានជាពាក្យ «NOKIA»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈការផ្លាស់ប្តូរ Icon ចាស់ដែលមានផ្ទៃខាងក្រោយពណ៌ខៀវរបស់ Nokia ទៅជាប្រភេទ Signal Strategy Shift ដែលរួមបញ្ចូលប្រាំពណ៌ផ្សេងគ្នា ត្រូវបាននាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Pekka Lundmark ឱ្យដឹងថា ការផ្លាស់ប្តូរនេះគឺតំណាងឱ្យការដាក់ចេញនូវយុទ្ធសាស្រ្ត មួយដែលមាន ៣ដំណាក់កាល បន្ទាប់ពីក្រុមហ៊ុនបានជួបបទពិសោធន៍ដ៏ជូរចត់កាលពីអំឡុងឆ្នាំ២០២០។ ខ្លឹមសារយុទ្ធសាស្រ្ត ៣ដំណាក់កាលនេះរួមមាន Reset, Accelerate និង Scale មានន័យថា ជាការកំណត់យុទ្ធសាស្រ្ត បង្កើនល្បឿន និងកំណត់ទំហំនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។

ដោយឡែកចំពោះការដាក់ចេញនូវ Logo ថ្មីនេះលោក Lundmark បាននិយាយថា នេះជាដំណាក់ទី១ ឬហៅថា ដំណាក់កាលកំណត់ឡើងវិញ (Reset) គឺត្រូវបានបញ្ចប់ ហើយឥឡូវនេះកំពុងចាប់ផ្តើមដាក់ចេញនូវដំណាក់កាលទីពីរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ Lundmark បានគូសបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីរបស់ Nokia កំពុងជម្រុញឱ្យក្រុមហ៊ុនរីកមុខមាត់ជាងមុន ដោយគ្រាន់តែការធ្វើអាជីវកម្មដាក់លក់ដំបូងក្នុងឆ្នាំនេះប្រហែល ៨ភាគរយស្មើនឹង ២១ភាគរយដែលរកបានកាលពីឆ្នាំមុនដែលទទួលបានកំណើនជាប្រាក់ខ្ទង់ ២.១១ពាន់លានដុល្លារ។ លើសពីនេះទៅទៀត Nokia កំពុងតែពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតដោយប្រកាសពីគោលបំណងថា ខ្លួនចង់ក្លាយជាក្រុមហ៊ុនដឹកនាំអាជីវកម្មលំដាប់ពិភពលោក»៕