(ភ្នំពេញ)៖ តារាច្រៀងស្រីល្បីសម្តីផ្អែម មានសំនៀងពីរោះស្រទន់ ប្រចាំប្រទេសកម្ពុជា អ្នកនាង មាស សុខសោភា បានសម្រេចបង្តើតមុខជំនួញផ្ទាល់ខ្លួនមួយបន្ថែមទៀត ក្រៅពីអាជីពតារាចម្រៀង ដោយបានជ្រើសយកចំណងជើងបទចម្រៀង «My Only One» ដាក់ជាឈ្មោះទៅលើមុខផលិតផលសម្រាប់ថែរក្សាសម្ផស្សរបស់ខ្លួនមួយ ដែលបានធ្វើពិធីសម្ពោធបើកបង្ហាញ ជាសាធារណៈកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ជំនួញថ្មីរបស់តារាចម្រៀងល្បី មាស សុខសោភា ត្រូវបានមហាជនមើលឃើញថា គឺជាការបោះទុនមួយជំហានថ្មីបន្ថែមទៀត លើវិស័យជំនួញ ដោយនៅក្នុងថ្ងៃសម្ពោធបង្ហាញជាផ្លូវការនៃផលិតផលថ្មីរបស់នាង ក៏បានបង្ហើបថា «My Only One» ជាឈ្មោះបទចម្រៀង ក៏ត្រូវសម្រេចជ្រើសមកដាក់ជាឈ្មោះផលិតផលឡេលាបថែរក្សាស្បែកមួយប្រភេទ ដែលមានអត្ថប្រយោជន៍ សំបូរទៅដោយវីតាមីន និង Collagen ជាច្រើន។

តារាចម្រៀងល្បីឈ្មោះរាប់ឆ្នាំ និងនៅតែរក្សាបានប្រជាប្រិយភាពមិនសាបសូន្យ មាស សុខសោភា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា សម្រាប់ My Only One គឺជាឈ្មោះនៃបទចម្រៀង ហើយបានដាក់បង្ហាញអ្នកគាំទ្រមើល និងស្តាប់តាំងពីឆ្នាំ២០១៧ ដោយគិតមកដល់ឆ្នាំ២០២៣នេះ មានអ្នកចូលទស្សនាច្រើន។ ប៉ុន្តែរហូតមកដល់ពេលនេះ My Only One គឺជាឈ្មោះឡេលាបស្បែកមួយប្រភេទ ដែលអាចជួយទៅដល់ការថែរក្សា និងបំប៉នស្បែកឲ្យមានសុខភាពល្អ និងកាត់បន្ថយស្នាមអុចខ្មៅ ក៏ដូចជាកែសភាពជ្រីវជ្រួញនៃស្បែកបានយ៉ាងល្អ»។

មាស សុខសោភា បន្តថា នេះជាមុខជំនួញទី១ របស់នាង ហើយ «My Only One អាចប្រើបានទាំងកូនក្មេង, បុរសនិងស្រ្តី ដែលជាប្រភេទផលិតផលមិនមានសារធាតុកាត់ស្បែកនោះទេ ខណៈតម្លៃសមរម្យអាចទទួលយកបាន»

ងាកមកការងារស្ថិតក្នុងអាជីពសិល្បៈវិញ តារាចម្រៀង មាស សុខសោភា នៅតែបន្តត្រៀមបង្កើតបទចម្រៀងថ្មីជាច្រើនបន្ថែមទៀត សម្រាប់ផ្តល់ជូនអ្នកគាំទ្រ ដែលជាផលតិកម្មផ្ទាល់ខ្លួនឯង តែតម្រូវចាយទុនបន្ថែម។ ក្រោយពីបានសម្រេចបញ្ចប់កុងត្រាចេញពីក្រុមហ៊ុនពីមុន នាពេលកន្លងមករួចហើយ តាំងពីខែធ្នូ ឆ្នាំ២០២២។

ដោយឡែក ការចាប់ផ្តើមបង្កើតមុខជំនួញថ្មីប្រភេទផលិតផលថែរក្សាសម្ផស្សនេះ ខណៈកិច្ចការងារចម្រៀងនៅតែបន្ត និងធ្វើអាល់ប៉ុមថ្មីក្នុងឆ្នាំនេះក៏ត្រៀមនឹងបញ្ចេញ។ នាងគិតថា ពីមុនមិនដែលធ្វើនោះទេ តែមិនច្បាស់ថា អាចបានប៉ុន្មាននោះទេ ដោយក្រុមការងាររវល់ច្រើន ហើយឥឡូវវិស័យចម្រៀង តម្រូវពង្រឹងលើការផលិតដោយត្រូវប្រើពេលយូរ ដែលអាចមាន ៦បទក្នុងមួយអាល់ប៉ុម ឬជាបទផ្តោតទៅលើមនុស្សស្រី បង្ហាញអំពីភាពតស៊ូរបស់ស្រ្តីជាដើម៕