(បរទេស)៖ ផលិតករហូលីវូដបានធ្វើការអបអរសាទរលើកទឹកចិត្ត ដល់កំពូលតារាហូលីវូដ Tom Cruise និងផ្តល់កិត្តិយសខ្សែភាពយន្តកំពូល «Everything Everywhere All At Once» ក្នុងពិធីប្រគល់ពានរង្វាន់ដ៏សំខាន់មួយ មុនពេលកម្មវិធី Oscar នឹងត្រូវធ្វើឡើងនាខែក្រោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមផលិតករភាពយន្តអាមេរិក បានផ្តល់កិត្តិយសដល់ Cruise ជាមួយនឹងពានរង្វាន់សមិទ្ធផលពេញមួយជីវិត ហើយវាគ្មិនជាច្រើនបានថ្លែងអំណរគុណដល់តារាសម្តែងរូបនេះ សម្រាប់ការជំរុញវិស័យឧស្សាហកម្មភាពយន្តដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត និងបានស្តារវិស័យភាពយន្តឡើងវិញតាមរយៈរឿង «Top Gun: Maverick» កាលពីរដូវក្តៅមុន។ 

លោកស្រី Sherry Lansing អតីតនាយកប្រតិបត្តិនៃ Paramount Pictures បាននិយាយ «Tom Cruise បានបង្ហាញយើងទាំងអស់គ្នាថាការថតកុនបានត្រឡប់មកវិញហើយ»។ 

នៅពេលដែលលោកបានទទួលយកពានរង្វាន់, Cruise បានសាទរចំពោះការងារទូរទស្សន៍ និងផលិតករភាពយន្ត ដោយលោកបាននិយាយថា «ខ្ញុំដឹងពីអ្វីដែលវាត្រូវការដើម្បីធ្វើអ្វីដែលអ្នកធ្វើ។ វាមិនមែនគ្រាន់តែជាសំណាងនោះទេ អ្នកត្រូវតែបង្កើតសំណាងនោះ អ្នកត្រូវតែមានវា ហើយខ្ញុំចង់ឱ្យអ្នកដឹងថា ខ្ញុំតែងតែនៅទីនេះដើម្បីអ្នក»។

កំពូលតារាហូលីវូដរូបនេះបានបន្តថា «ខ្ញុំ​នឹង​បន្ត​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​ចំណែក និង​ជួយ​ដល់​វិស័យ​នេះ និង​ទម្រង់​សិល្បៈ​ដែល​ខ្ញុំ​ស្រឡាញ់»៕