(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចាប់ផ្ដើមសាងសង់រោងពិព័រណ៍ «ភូមិបេតិកភណ្ឌវប្បធម៌» នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្ត ឧទ្យានប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមកដល់ខួប១០ឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងឱកាសប្រារព្វពិធីប្រុងពលី ដែលបានប្រព្រឹត្តិទៅនាថ្ងៃនេះ មានវត្តមានរបស់លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីបុគ្គលិកជាច្រើននាក់។

ពិធីប្រុងពលីនេះបានធ្វើឡើងតាមទំនៀមសាសនា ក្នុងនោះរួមមាន ពីធីថ្វាយគ្រឿងសក្ការៈចំពោះបារមីវត្ថុស័ក្តសិទ្ធ ដើមី្បសុំនូវសេចក្តីសុខក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរឱ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានសប្បាយរីករាយ៕