(ភ្នំពេញ)៖ ធនាគារ អ៉ឹមប៊ី​ ខេមបូឌា (MBCambodia) បានរៀបចំពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងការក្លាយជាធនាគារពាណិជ្ជ​ពេញលេញនៅក្នុងប្រទេសកម្ពុជា។

ពិធីសម្ពោធជាផ្លូវការនៃធនាគារ MBCambodia​ ធ្វើឡើងក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
លោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា, លោក ឡឺវ ជុង ថៃ អនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារ MB Group, លោក ឌីញ ក្វាង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ MBCambodia។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានថ្លែងថា «ធនាគារ អ៉ឹមប៊ី (ខេមបូឌា) និងចូលរួមប្រកួតប្រជែងដោយស្មើភាព និងតម្លាភាពជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញ​វត្ថុ​ដទៃទៀត ព្រ​មទាំងនាំមកនូវបទពិសោធន៍ ធុរកិច្ច បច្ចេកវិទ្យាទំនើបៗ នវានុវត្តភាព និងផលិត​ផ​លហិរញ្ញវត្ថុថ្មីៗ ឲ្យកាន់​តែសម្បូរបែប ដើម្បីបំពេញ​សេចក្តីត្រូវការ​របស់​អតិ​ថិជ​ន​បន្ថែម​ទៀត​នៅ​ពេល​​បច្ចុប្បន្ន ក៏ដូចជានាពេល​​អនាគត និងចូលរួមគាំទ្រ ដល់ការអភិ​វឌ្ឍ​ទីផ្សារធនាគារ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា»

លោក ឡឺវ ជុង ថៃ អនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារ MB Group បានថ្លែងថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការពង្រីកធនាគារ MB Bank មកកាន់ប្រទេសកម្ពុជា ពិធីបើកសម្ពោធដ៏ធំនេះ បង្ហាញពីការចាប់ផ្តើម ដែលក្លាយជាធនាគារពាណិជ្ជពេញលេញនៅកម្ពុជា នេះក៏ជាឱកាសសម្រាប់លើកកែវអបអរសាទរ ជាមួយដៃគូរបស់យើង និងថ្លែងអំណរគុណ ចំពោះការគាំទ្រ ហើយថែមទាំងណែនាំនូវធនាគារ MBCambodia និងសេវាកម្មរបស់យើង»

លោកបានបន្ដថា ដោយសារឈានចូលយុគសម័យឌីជីថលយ៉ាងឆាប់រហ័ស ការផ្តោតសំខាន់លើការផ្តល់ភាពងាយស្រួល តាមរយៈបច្ចេកវិទ្យាធនាគារឌីជីថល ប្រកបដោយនវានុវត្តភាព គោលបំណងរបស់យើង គឺផ្តល់នូវសេវាធនាគារទំនើបដល់បុគ្គល ស្ថាប័ន និងសហគ្រាសនានាទូទាំងប្រទេសកម្ពុជា។

ធនាគារ MBCambodia ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ក្នុងនាមជាសាខាប្រចាំកម្ពុជា តែសព្វថ្ងៃនេះ ធនាគារ MBCambodia បានចាប់ផ្តើមដំណើរការ ជាធនាគារពាណិជ្ជមួយ ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្តល់ជូនអតិថិជន នូវសេវាកម្មធនាគារផ្សេងៗជាច្រើន។

ផលិតផល និងសេវាកម្មសំខាន់ៗរបស់ធនាគារ MBCambodia រួមមាន៖ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្មនានានៅកម្ពុជា។

អ្វីដែលសំខាន់បំផុត គួបផ្សំនឹងសមត្ថភាព និងជំនាញឌីជីថលពីក្រុមហ៊ុន MB Group ធនាគារ MBCambodia នឹងណែនាំសេវាកម្មធនាគារបែបឌីជីថល ដល់អតិជិជន ប្រកបដោយសុវត្ថិភាព និងភាពទំនើបតាមវិស័យធនាគារបែបឌីជីថល កំពុងរីកដុះដាលនៅប្រទេសកម្ពុជា។

ជាមួយគ្នានេះកាលពេលថ្មីៗកន្លទៅនេះធនាគារ MBCambodia ក៏បានប្រារព្ធពិធីសម្ពោធការិយាល័យកណ្តាល ដែលមានអាសយដ្ឋាននៅអាគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា។

ចំណែកសាខាអូរឬស្សី មានអាសយដ្ឋាននៅអាគារលេខ៤៣៩មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ធនាគារដំណើរការចាប់ពីម៉ោង ០៨៖០០ព្រឹកដល់៥៖០០ល្ងាច រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕