(ឡុងដ៍)៖ លោក Cristian Stellini អ្នកមើលការខុសត្រូវក្លិបមាន់ខ្នាយមាស Tottenham Hotspur ជំនួសឲ្យអ្នកចាត់ការនោះ រំពឹងថា លោក Antonio Conte នឹងវិលត្រឡប់ចូលដឹកនាំវិញនាសប្តាហ៍ក្រោយ។ នេះបើយោងតាមគេហទំព័រ Live Score ចេញផ្សាយនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Conte បានទទួលការវះកាត់យកថង់ប្រមាត់ចេញកាលពីដើមខែនេះ បន្ទាប់ពីមានរោគសញ្ញាឈឺពោះខ្លាំង ហើយបានឈប់សម្រាករយៈពេលខ្លីពីការងារ ដើម្បីព្យាបាល។

លោក Stellini ដែលបានដឹកនាំ Spurs ឈ្នះ ២-០ លើក្រុមតោខៀវ Chelsea ក្នុង Premier League កាលពីថ្ងៃអាទិត្យនោះបានប្រាប់ BBC Sport ថា «ការរំពឹងទុករបស់ខ្ញុំគឺថា លោក Antonio នឹងត្រឡប់មកធ្វើការងារវិញនៅសប្តាហ៍ក្រោយនេះ»

សូមជម្រាបថា បុរសសញ្ជាតិអ៉ីតាលីលោក Conte បានវិលត្រឡប់មកបំពេញការងារវិញហើយកាលពីពេលថ្មីៗ ប៉ុន្តែបន្ទាប់ពីទទួលការត្រួតពិនិត្យ លើដំណើរការជាសះស្បើយនោះ វេជ្ជបណ្ឌិតបានសម្រេចឲ្យលោក ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឈប់សម្រាកពីការងារ៕