(បាសេឡូណា)៖ កីឡាករជើងស៊ុត Robert Lewandowski នឹងអវត្តមានពីការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Copa de Rey របស់ FC Barcelona ប៉ះក្រុមអធិរាជស Real Madrid នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសាររបួសសរសៃពួរកែងជើង។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

Barca បានឲ្យដឹងថា កីឡាករអន្តរជាតិប៉ូឡូញ​ Lewandowski បានរងរបួសសរសៃពួរកែងជើងខាងឆ្វេងដែលបានកំពុងសម្រាកព្យាបាលនៅឡើយ។

ក្លិបនាំមុខគេក្នុងលីគ La Liga នេះបានអះអាងថា ខ្សែប្រយុទ្ធឆ្នើម Lewandowski នឹងត្រូវអវត្តមាន ហើយការជាសះស្បើយរបស់លោក នឹងកំណត់តាមលទ្ធភាពជាក់ស្តែង។

​របួសរបស់ Lewandowski គឺជាបញ្ហាមួយផ្សេងទៀតសម្រាប់អ្នកចាត់ការទូទៅ លោក Xavi Hernandez បន្ទាប់ពីក្រុមបានចាញ់ ១-០ ក្រោមថ្វីជើងរបស់ Almeria កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

សូមជម្រាបថា ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវប៉ះក្រុមការពារតំណែងជើងឯក Real Madrid នៅកីឡដ្ឋាន Camp Nou ក្នុងលីគកំពូលអេស្ប៉ាញ La Liga នាថ្ងៃទី១៩ ខែមីនា។ ជាមួយគ្នានោះការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣៕