(ភ្នំពេញ)៖ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានសហការជាមួយបញ្ជាការដ្ឋានអង្គរក្ស បើកការហាត់ហ្វឹកហ្វឺនទម្រង់លក្បុក្កតោ ឲ្យចេញជាទស្សនីយភាពដ៏អស្ចារ្យមួយចំនួន ក្នុងការត្រៀមសម្ដែងអបអរសាទរពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខ។

លោក អ៊ួ តារា បានបញ្ជាក់ថា មកទល់ពេលនេះសល់ពេលជាង ២ខែទៀតប៉ុណ្ណោះ នឹងឈានដល់ពិធីបើកកីឡាស៊ីហ្គេម។ ប៉ុន្ដែដោយមានកិច្ចសហការល្អ និងទទួលបានការអនុញ្ញាតពីនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានធ្វើឲ្យលោកមានទំនុកចិត្តខ្ពស់ ក្នុងការរៀបចំទស្សនីយភាពដ៏អស្ចារ្យសម្រាប់ពិធីបើក-បិទខាងលើ។

នេះបើតាមការលើកឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនទម្រង់គុនល្បុក្កតោអបអរសាទរកម្មវិធីបើក-បិទ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរង បញ្ជាការរដ្ឋានអង្គរក្ស នៅបន្ទាយស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាលនាថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ។

លោកបន្ដថា «សម្រាប់ពិធីបើក យើងមាន ២ទម្រង់ធំៗ ទី១-ទ័ពសម័យអង្គ នៅក្នុងផែនទស្សនីយភាព (ភាពរុងរឿងនៃអង្គរ) និងទី២-ល្បុក្កតោសម័យទំនើប ដែលយើងធ្វើទំនើបកម្មកីឡាគុនល្បុក្កតោ ទៅជាចង្វាក់ភ្លេង ជាមួយបច្ចេកវិទ្យា LED បង្កើតជាទស្សនីយភាពថ្មីមួយ ក្នុងទស្សនីយភាព (ភាពរុងរឿងនៃកម្ពុជា)។ ដូច្នេះយើងសង្ឃឹមថា ក្រោយពីការហ្វឹកហាត់រៀបចំ យើងនឹងមានទស្សនីយភាពល្អៗ ប្លែកៗ សម្រាប់ពិធីបើកស៊ីហ្គេម។ រីឯពិធីបិទ ក៏យើងមានកងកម្លាំង ៦០០នាក់ សម្រាប់ធ្វើទស្សនីយភាពមួយឈ្មោះថា (មហាព្រលឹងគុនល្បុក្កតោ) ដើម្បីអបអរសាទរផងដែរ»

ជារួមលោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ សម្រាប់រយៈពេលហ្វឹកហាត់ជាង ២ខែនេះ ដោយកម្លាំងអង្គរក្ស គឺជាកម្លាំងពិសេស មានវិន័យ ទាំងការហ្វឹកហាត់ បូកផ្សំជាមួយបទពិសោធន៍ធ្លាប់ហ្វឹកហាត់កន្លងមក ព្រមទាំងការខិតខំប្រឹងប្រែង និងការច្នៃប្រឌិត ពិសេសកិច្ចសហការដ៏ល្អពីគ្រប់ភាគីពាក់ព័ន្ធ លោកជឿជាក់ថា នឹងសម្រេចគោលដៅដោយរលូន សម្រាប់ផ្ដល់នូវទស្សនីយភាពដ៏ពិសេស និងទាក់ទាញ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ួ តារា។

ទន្ទឹមជាមួយគ្នា ឧត្តមសេនីយ៍ឯក ឌៀង សារុន បានរំឮកថា ក្នុងពិធីបើក-បិទកីឡាជាតិ លើកទី៣ កាលពីចុងឆ្នាំ២០២២ ការសម្ដែងរបស់កងកម្លាំងអង្គរក្សជាមួយក្បាច់គុនល្បុក្កតោ បានទទួលការកោតសរសើរពីថ្នាក់ដឹកនាំ និងមហាជនជាច្រើន តែក៏នៅមានចំណុចខ្វះខាតមួយចំនួនដែរ។ ហេតុនេះ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ស្ដាប់ការណែនាំគ្រូជំនាញមកពីសហព័ន្ធ ក៏ដូចជាគ្រូជំនាញមកពីចិន ដើម្បីរំលេចនូវទស្សនីយភាពទាក់ទាញ និងល្អបំផុត ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕