(បរទេស)៖ កាណាដាបានប្រកាសហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok របស់ចិននៅលើឧបករណ៍របស់រដ្ឋាភិបាល និងបាននិយាយថា វា "មិនអាចទទួលយកបាន" នៃហានិភ័យចំពោះឯកជនភាព និងសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

វិធានការនេះបានគូសបញ្ជាក់ពីការប្រឆាំងនឹង TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance Ltd ជុំវិញការព្រួយបារម្ភទៅលើសន្តិសុខជាតិ ដោយសារតែ TikTok អាចនឹងផ្ដល់ព័ត៌មានទាក់ទងនឹងអ្នកប្រើប្រាស់ឲ្យទៅរដ្ឋាភិបាលក្រុងប៉េកាំង ក្រោមហេតុផល ឬសម្ពោធណាមួយ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលកាណាដា បានបញ្ជាក់ឲ្យដឹងថា វិធានការនេះធ្វើឡើងដើម្បីសុវត្ថិភាពនៅលើអនឡាញ ហើយវាគឺជាជំហានដំបូងដែលរដ្ឋាភិបាលបានអនុវត្ត។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក បានចាប់ផ្តើមអនុវត្តវិធានការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍របស់មន្ត្រីខ្លួន ក្រោមហេតុផលសុវត្ថិភាព និងសន្តិសុខជាតិតាមប្រព័ន្ធអនឡាញ៕