(ប៉ារីស)៖ ខ្សែប្រយុទ្ធ Lionel Messi ដណ្តើមបានពានឯកត្តជន Best FIFA Award ក្នុងនាមកីឡាករលេងល្អបំផុតប្រចាំរដូវកាលឆ្នាំ២០២១-២០២២ របស់ស្ថាប័ន FIFA។
កីឡាករអន្តរជាតិអាហ្សង់ទីនខាងលើនេះ ត្រូវបានផ្តល់កិត្តិយសផ្តល់ពានរង្វាន់ដោយប្រធាន FIFA តែម្តង គឺលោក Gianni Infantino នារាត្រីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពេលទទួលបានការបោះឆ្នោតគាំទ្រឈ្នះគូប្រជែងមិត្តរួមក្លិប Kylian Mbappe និង Karim Benzema នៃក្លិប Real Madrid ជាដើម។
Messi ដែលបានកើនវ័យ ៣៥ឆ្នាំទៅហើយនោះ បានធ្វើជាប្រធានក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតាកាលខែធ្នូឆ្នាំទៅ រួមទាំងការស៊ុតបញ្ចូលទីបាន ២៧គ្រាប់ពីការចូលលេងបាន ៤៩ប្រកួតផងដែរសម្រាប់អាហ្សង់ទីន និងក្លិបអាជីព Paris Saint-Germain នារដូវកាលមុន។
Messi ដែលបានឈ្នះពានកីឡាករលេងល្អជាលើកទី២ របស់ FIFA ក្រោយពេលឈ្នះដំបូងក្នុងឆ្នាំ២០១៩ មកនោះបានថ្លែងបន្ទាប់ពីទទួលបានមានជារៀងរាល់ឆ្នាំថា «វាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ខ្ញុំ ក្រោយឆ្លងកាត់រដូវកាលដ៏រំជើបរំជួលកន្លងមក។ លោកថា បើគ្មានការជ្រោមជ្រែងពីមិត្តរួមក្រុម ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ អ្វីដែលខ្ញុំទទួលបាននៅថ្ងៃនេះ ក៏សង្ឃឹមថា កើតឡើងជាបន្តបន្ទាប់យូរអង្វែងទៀតដែរ បើទោះបីជាមានមនុស្សតិចតួចណាស់ដែលមានសំណាងដូចខ្ញុំនៅថ្ងៃនេះក៏ដោយ»។
ដូចគ្នានោះដែរ ក្នុងពិធីចែកពានដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនោះ លោក Lionel Scaloni ដែលបានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះពាន World Cup 2022 ក៏បានឈ្នះពានក្នុងនាមគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំរបស់ FIFA ផងដែរ៕