(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លើកទី២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមរដូវកាលថ្មី នាថ្ងៃទី០៣ ខែមីនាចុងសប្ដាហ៍នេះ ខណៈគណៈកម្មការរៀបចំ នឹងផ្សារភ្ជាប់ព្រឹត្តិការណ៍នេះ ដើម្បីបំផុសប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួន ត្រៀមទទួលស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខផងដែរ។

នេះបើតាមការបញ្ជាក់របស់លោក ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួត ក្នុងកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស និងចាប់ឆ្នោតបែងចែកពូល កាលពីថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពានរង្វាន់អភិបាលខេត្តកណ្ដាល រដូវកាលទី២ នេះ គឺមានបេក្ខភាព ១៩ក្រុមចូលរួម និងបែងចែកជា ៤ពូល ក្នុងមួយពូលមាន ៥ក្រុម លើកលែងពូល C ដែលមានត្រឹម ៤ក្រុម។

ចំពោះគោលបំណង នៃការរៀបចំពានរង្វាន់នេះ គឺដើម្បីបំផុសយុវជនគ្រប់ក្រុង-ស្រុកក្នុងខេត្តកណ្ដាល បានចូលរួមលេងកីឡា បង្កើនស្មារតីសាមគ្គីភាព មិត្តភាព ទំនាក់ទំនង និងចៀសឆ្ងាយពីគ្រឿងញៀន។ ម្យ៉ាងក៏ដើម្បីបំផុសប្រជាពលរដ្ឋឲ្យលេងកីឡា និងចូលរួមអបអរសាទរ ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនៅសល់រយៈពេល ៦៦ថ្ងៃទៀតផងដែរ។ លោក ធុល នាង បន្ថែម៕