(កូរ៉េ)៖ តារាសម្តែងប្រុសល្បីឈ្មោះ Lee Byung Hun ដែលត្រូវបានគេស្គាល់ថា ជាតួអង្គ Front Man ក្នុងរឿងភាគល្បី «Squid Game» នោះ ត្រូវបានរាយការណ៍មកថា កំពុងត្រូវបានស៊ើបអង្កេត ករណីបង់ពន្ធមិនទៀងទាត់ ហើយត្រូវបានពិន័យជាប្រាក់ចំនួន១០០លានវ៉ុន ឬជាង៧ម៉ឺនដុល្លារ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន All K-POP នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមទីភ្នាក់ងារវាយតម្លៃបានឲ្យដឹងថា ភ្នាក់ងារពន្ធដាជាតិបានធ្វើសវនកម្ម និងរកឃើញពីការបង់ពន្ធមិនទៀងទាត់ ពីសំណាក់លោក Lee Byung Hun និង BH Entertainment ក្នុងខែកញ្ញាឆ្នាំមុន។ BH Entertainment ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុនកម្សាន្ត ត្រូវបានបង្កើតឡើងដោយ Lee Byung Hun ក្នុងឆ្នាំ២០០៦ ហើយត្រូវបានចាត់ទុកថា ជាផលិតកម្មដ៏ជោគជ័យមួយ។

ករណីខាងលើ គឺមិនដូចការស៊ើបអង្កេតពន្ធធម្មតាទេ ពោលគឺការស៊ើបអង្កេតពន្ធពិសេស របស់ភ្នាក់ងារពន្ធដាជាតិ ត្រូវបានផ្តួចផ្តើមនៅពេលដែលមានការសង្ស័យថា មានការគេចវេសការបង់ពន្ធ ពីសាជីវកម្ម ឬបុគ្គលណាម្នាក់។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ ផលិតកម្ម BH Entertainment បានបញ្ជាក់អំពីបញ្ហានេះដោយនិយាយថា «វាជាការពិតដែលពន្ធត្រូវបានប្រមូលដោយសេវាពន្ធដាជាតិ ប៉ុន្តែវាមិនមែនជាបញ្ហានៃការគេចពន្ធទេ»។ ទោះជាបែបនេះក្តី គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើលទ្ធផលនៃការស៊ើបអង្កេតនេះទៅជាយ៉ាងណា?