(ភ្នំពេញ)៖ ផលិតកម្មទើបបង្កើតឡើងថ្មីមួយមានឈ្មោះថា «My Star» បានដាក់ចេញនូវគោលការណ៍សំខាន់ៗរបស់ខ្លួន ដោយមិនត្រឹមតែជាផលិតកម្មផលិតបទចម្រៀង ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែផលិតកម្មថ្មីនេះ មានមហិច្ឆតាចង់ប្រែក្លាយខ្លួន ទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដល់តារាចម្រៀង តារាសម្ដែង ក្មេងៗជំនាន់ក្រោយឲ្យមានជំនាញ និងសមត្ថភាពសិល្បៈពិតប្រាកដ ចូលរួមលើកស្ទួយដល់វិស័យសិល្បៈវប្បធម៌ និងអរិយធម៌នៅក្នុងប្រទេសកម្ពុជា។

លោក Alvas តារាចម្រៀង និងជា MC ល្បីឈ្មោះរបស់ តៃវ៉ាន់ និងជាម្ចាស់ផលិតកម្ម «My Star» បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា «My Star» មិនត្រឹមតែជាក្រុមហ៊ុន ឬស្ថាប័នកំសាន្តតែប៉ុណ្ណោះទេ គឺជាសាលាបណ្តុះបណ្តាលផ្នែកសិល្បៈ ដែលបណ្តុះបណ្តាល Influencer ទៅជាសិល្បករមិនថាអ្នករាំ ច្រៀង សម្តែង ដើរម៉ូដ ឬ Youtuber។ ចំណែកអ្នកដែលចង់ចូលរួមជាមួយ My Star លក្ខខណ្ឌមិនពិបាកឡើយ អ្វីដែលសំខាន់ គឺមានទឹកចិត្តល្អ និងការតាំងចិត្តខ្ពស់ គួបផ្សំជាមួយនឹងសមត្ថភាពល្អ។ ចំណែករូបសម្បត្តិជារឿងបន្ទាប់បន្សំ។

លោក Alvas បានសង្កត់ធ្ងន់ថា My Star គឺជាស្ថាប័នកំសាន្តមួយ ដែលបង្កើតឡើងមក ដើម្បីបណ្តុះបណ្តាលតារាចម្រៀងថ្មីៗ នៅក្នុងប្រទេសកម្ពុជា ឲ្យមានទេពកោសល្យ និងសមត្ថភាពពិតប្រាកដ បម្រើដល់វិស័យសិល្បៈឲ្យកាន់តែរីកចម្រើន។ ត្រឹមតែរយៈពេល១ខែជាងប៉ុណ្ណោះដែល My Star បានបង្កើតឡើងមក តែទទួលបានការគាំទ្រច្រើនគួរសម ពីសំណាក់មហាជន និងយុវវ័យដែលចង់ក្លាយខ្លួនជាតារាចម្រៀង តារាសម្ដែង ហើយគ្មានឱកាសក្នុងការបញ្ចេញ។

លោកបន្តថា រហូតមកដល់ពេលនេះ My Star ក៏បានចេញបទចម្រៀងមួយបទ គឺបទ «ហួសពេល» ដែលច្រៀងដោយលោក ឡាច ឡេង ក្រោមការដឹកនាំ និងរៀបចំដោយ My Star ដែលជាប្រភេទបទចម្រៀង Cover ដែលអត្ថន័យនៅក្នុងបទចម្រៀងនេះ បង្ហាញពីការឈឺចាប់ និងមានការសោកស្តាយ ក្រោយបាត់បង់មនុស្សជាទីស្រឡាញ់។ លើសពីនេះទៅទៀត ទៅថ្ងៃខាងមុខ My Star នឹងមានការថតជា Vlog អំពីដំណើរកំសាន្ត ឬ កម្មវិធីប្រគំតន្ត្រីផ្សេងៗ ដែលជាចំណីអារម្មណ៍របស់អ្នកគាំទ្រទាំងអស់គ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្ន My Star មានតារាចម្រៀង និងសម្តែងថ្មីៗចំនួន៦រូប។ កុំភ្លេចរង់ចាំទស្សនាណា! ពួកយើងនឹងនាំមកជូននូវការកំសាន្តថ្មីៗ និងប្លែកៗ ជូនដល់អ្នកគាំទ្រទាំងអស់គ្នា មិនឲ្យខកបំណងឡើយ!៕