(ភ្នំពេញ)៖ អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានប្រកាសបង្កើតសមាគមកីឡាតេក្វាន់ដូ WT ដើម្បីជំរុញការអភិវឌ្ឍ និងពង្រឹងកិត្យានុភាពក្នុងអង្គភាពរបស់ខ្លួន ។ សម្រាប់អាណត្តិទី១ នៃសមាគមកីឡានេះដែរ គឺដឹកនាំដោយលោក សុខ មុនី ដែលត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធាន។

មហាសន្និបាតបង្កើតអង្គភាពថ្មីនេះ បានធ្វើឡើងក្រោមវត្តមានលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោក ប៉ាង សឹនហូ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូនគរបាលពិភពលោក(WPTF) កាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលកីឡានគរបាលជាតិ ក្នុងពហុកីឡដ្ឋានជាតិ។

លោក សុខ មុនី បានគូសបញ្ជាក់ថា ការបង្កើតសមាគមនេះឡើង ក្នុងគោលបំណងរឹតចំណងមិត្តភាព រវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដោយមាន WPTF ជាភាគីពាក់ព័ន្ធសហការ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពអត្តពលិកកីឡាតេក្វាន់ដូ WT នៅក្នុងអង្គភាពកីឡានគរបាលជាតិក្រសួងមហាផ្ទៃឲ្យកាន់តែរីកចម្រើន និងកាន់តែមានកិត្យានុភាពលើឆាកអន្តរជាតិថែមទៀត។

គួរដឹងថា កីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩១ តែមិនទាន់មានការទំនាក់ទំនង និងរចនាសម្ព័ន្ធច្បាស់លាស់ រហូតដល់ពេលនេះ ទើបអង្គភាពកីឡាក្រសួងមហាផ្ទៃ សម្រេចបង្កើតសមាគមនេះឡើង ដើម្បីទទួលបានការគាំទ្រពីស្ថាប័នថ្នាក់ជាតិផង ពិសេសដើម្បីក្លាយជាសមាជិកគ្រួសាររបស់សហព័ន្ធកីឡាតេក្វាន់ដូនគរបាលពិភពលោកផង៕