(បរទេស)៖ កិច្ចព្រមព្រៀងទិញយករវាងក្រុមហ៊ុនផលិតបន្ទះឈីប Broadcom និង VMware ក្នុងតម្លៃ ៦១ពាន់លានដុល្លារកំពុងស្ថិតក្នុងការជំទាស់ពីសំណាក់សហភាពអឺរ៉ុបជុំវិញការព្រួយបារម្មថាកិច្ចព្រមព្រៀងនេះអាចនឹងដាក់កម្រិតការប្រកួតប្រជែងក្នុងទីផ្សារសូហ្វវែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុន Broadcom បានប្រកាសពីការទិញយកក្រុមហ៊ុន VMware ដែលជាអ្នកផ្តល់សេវាកម្ម Cloud ក្នុងកិច្ចព្រមព្រៀងជាសាច់ប្រាក់ និងភាគហ៊ុនចំនួន ៦១ពាន់លានដុល្លារ កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ កន្លងទៅក្នុងគោលបំណងបង្កើនល្បឿននៃការពង្រីកខ្លួនទៅក្នុងអាជីវកម្មសូហ្វវែល។ ខណៈការទិញយកនេះ គឺជាការប្រកាសដ៏ធំបំផុតទីពីរនៅទូទាំងពិភពលោកគិតមកទល់ពេលនេះ ដោយក្នុងនោះម្ចាស់ភាគហ៊ុន VMware នីមួយៗនឹងទទួលបាន ១៤២.៥០ ដុល្លារក្នុងមួយហ៊ុន ដែលជាលទ្ធផលនៅក្នុងបុព្វលាភទទួលបានលើសពី ៤៨ភាគរយដល់ការបិទភាគហ៊ុនចាប់តាំងពីកិច្ចពិភាក្សាកិច្ចព្រមព្រៀងត្រូវបានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី២២ ខែឧសភា។

តែយ៉ាងណាជុំវិញកិច្ចព្រមព្រៀងទិញយកនេះហាក់ទទួលបានការគាំទ្រច្រើនដោយក្នុងនោះប្រទេសប្រេស៊ីល អាហ្វ្រិកខាងត្បូង និងកាណាដា កំពុងបើកភ្លើងខៀវគាំទ្រ ខណៈដែលអ្នកឃ្លាំមើលការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេសកំពុងបន្តស៊ើបអង្កេត។

គួរបញ្ជាក់ដែរថា សេចក្តីថ្លែងការណ៍ជំទាស់របស់សហភាពអឺរ៉ុបទៅលើកិច្ចព្រមព្រៀងទិញយករវាង Broadcom និង VMware នេះនឹងត្រូវបានធ្វើសេចក្តីសម្រេចចុងក្រោយបន្ទាប់ពីស៊ើបអង្កេតនៅថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះ៕