(ភ្នំពេញ)៖ ការសាងសង់ភូមិកីឡា ដែលជាទីតាំងដ៏សំខាន់ សម្រាប់ទទួលស្វាគមន៍ប្រតិភូកីឡា និងអត្តពលិកជាច្រើនពាន់នាក់ ត្រូវមកចូលរួមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានឈានដល់ដំណាក់កាលដកក្ដីបារម្ភហើយ បន្ទាប់ពីមានការកម្រិតពេលវេលាច្បាស់លាស់ ក៏ដូចជាការអះអាងជាថ្មីរបស់ក្រុមហ៊ុនសាងសង់ នឹងបញ្ចប់គម្រោងនេះ នៅចុងខែមីនា ហើយត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) បន្ទាប់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC អមដំណើរដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ បានដឹកនាំប្រតិភូ ចុះពិនិត្យវឌ្ឍនភាពសាងសង់ភូមិកីឡា ក្នុងដំណាក់កាលទី២ កាលពីព្រឹកមិញ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ក្រោយដំណើរត្រួតពិនិត្យជាក់ស្ដែងខាងលើ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាពសាងសង់ក្នុងដំណាក់កាលទី២ ។ ប៉ុន្ដែស្របពេលកម្ពុជា សល់ពេល ៦៦ថ្ងៃ ឆ្ពោះទៅរកពិធីបើកការប្រកួតស៊ីហ្គេមនោះ សម្ដេចបានជំរុញ និងណែនាំឲ្យកម្រិតពេលវេលាច្បាស់លាស់ ក្នុងការបញ្ចប់គម្រោង ដោយកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ និងប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC ។

លោកថា «ការដាក់កម្រិតនេះ បានធ្វើឲ្យយើងមានភាពកក់ក្ដៅ និងកាន់តែមានទំនុកចិត្តខ្ពស់ មានន័យថា នៅថ្ងៃទី៣១ ខែមីនា ភូមិកីឡា នឹងត្រូវរួចរាល់ទាំងអស់ និង ២សប្ដាហ៍បន្ទាប់ ក្នុងខែមេសា យើងត្រូវចូលបំពាក់គ្រឿងដំណេកទាំងអស់ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ គឺយើងត្រូវត្រៀមលក្ខណៈសម្ពោធដាក់ឲ្យប្រើប្រាស់ និងបើកដំណើរការភូមិកីឡា ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូ និងកីឡាករ-កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសាតទៅ ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជាយើង»

លោក វ៉ាត់ ចំរើន បន្ថែម «សម្ដេចពិជ័យសេនា បានកោតសរសើរ ចំពោះវឌ្ឍនភាពដ៏ល្អ ក្នុងដំណើរទស្សនកិច្ចលើកទី២ នេះ បានន័យថា ក្ដីបារម្ភ និងការដាក់ស្ថានភាពអាសន្នរបស់យើង ហាក់បីត្រូវបានដកចេញ និងមានទំនុកចិត្ដឡើងវិញច្រើន បន្ទាប់ពីអ្នកឧកញ៉ា សៀ ឬទ្ធី តំណាងក្រុមហ៊ុនសាងសង់ បានប្ដេជ្ញាចិត្ត នឹងធ្វើឲ្យរួចរាល់ជូនរាជរដ្ឋាភិបាល និងជូនគណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី៣១ ខែមីនានេះ។ និយាយឲ្យចំ គឺយើងមានក្ដីសង្ឃឹមច្រើន ក្នុងពេលនេះ រហូតដល់ចប់ការងារ និងបញ្ចប់នូវក្ដីបារម្ភរបស់យើង»

គួរដឹងថា ភូមិកីឡា ត្រៀមដំឡើង និងរៀបចំគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមានជាង ៥ពាន់នាក់ ។ មកទល់ពេលនេះ បានដំឡើងរួចរាល់ជាង ៣ពាន់គ្រែ ខណៈនៅសល់ជាង ២គ្រែទៀត ត្រូវជំរុញឲ្យរៀបចំរួចរាល់ត្រឹមចុងខែមីនា ខណៈសម្ដេចពិជ័យសេនា ទៀត បាញ់ គ្រោងនឹងអញ្ជើញចុះពិនិត្យម្ដងទៀត នៅពាក់កណ្ដាលខែមីនា ៕