(ឡុងដ៍)៖ អ្នកចាំទីក្លិប West Ham កីឡាករ Lukasz Fabianski អាចនឹងតម្រូវឲ្យទទួលការវះកាត់ បន្ទាប់ពីបានរងការបាក់ឆ្អឹងថ្ពាល់ និងរន្ធភ្នែក, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិប៉ូឡូញ Fabianski វ័យ ៣៨ឆ្នាំ បានរងរបួសនៅអំឡុងពេលប្រកួតឈ្នះ ៤-០ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទៅលើក្រុម Nottingham Forest។

អ្នកចាត់ការទូទៅលោក David Moyes បានលើកឡើងថា «លោកមិនប្រាកដនោះទេ ថាតើរយៈពេលប៉ុន្មាន ដែលកីឡាករ Fabianksi នឹងត្រូវអវត្តមាននោះ»។ ខណៈបន្តទៀតថា «យើងមិនដឹងច្បាស់នោះទេ ថាតើវានឹងត្រូវវះកាត់ ឬក៏ជាសះស្បើយដោយខ្លួនឯង, ឬក៏ពេលវេលា នៃការអវត្តមាននោះ»

អ្នកចាំទីសញ្ជាតិបារាំង Alphonse Areola បានជំនួស Fabianski បន្ទាប់ពីការប្រកួតនៅ ៦៩នាទី កាលពីចុងសប្តាហ៍កន្លងទៅ ហើយត្រូវបានកំណត់ឲ្យបន្តធ្វើជាអ្នកចាំទី សម្រាប់ការប្រកួតជុំទី៥ លីគ FA Cup នៅថ្ងៃទី០២ ខែមីនានេះ ដែលប៉ះជាមួយក្រុម Manchester United។

សូមជម្រាបថា ក្លិប West Ham ក៏នឹងធ្វើដំណើរទៅជួបក្រុម Brighton & Have Albion នៃការប្រកួតក្នុងលីគនៅថ្ងៃសៅរ៍នោះ, ដ្បិតក្រុមញញួរធំ West Ham ក៏កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៦ ក្នុងតារាង Premier League ដោយមានត្រឹមតែ ២ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល៕