(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ បានពិភាក្សាគ្នាអំពីការជួសជុលខឿននៃរួតបាកាណប្រាសាទអង្គរវត្តនាពេលអនាគត និង​ពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ ក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Choi Eubg-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA)។

លោក Choi Eung-chon បានរំលឹកពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលចាប់ផ្តើមពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។ លោកក៏បានបង្ហាញពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក។

អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េរូបនេះ បានបង្ហាញពីគោលបំណងជួយជួសជុលខឿននៃរួតបាកាណប្រាសាទអង្គរវត្តនាពេលអនាគត។

លោកអគ្គនាយក ហង់ ពៅ ក៏បានរំលឹកពីគម្រោងនានាដែលស្ថាប័នកូរ៉េបាននិងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ និងបានសម្តែងការអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តី​អាជ្ញាធរជាតិអប្សរា ដែលជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានម​នុស្សសម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌ។

បន្ថែមពីនេះ លោក ហង់ ពៅ ក៏បានស្នើទៅភាគីកូរ៉េពិចារណាចែករំលែកបទពិសោធន៍ផ្សេងៗអំពីកិច្ចការសារមន្ទីរ ដូចជាការគ្រប់គ្រង ថែរក្សាសមុច្ច័យនានាក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថិរផងដែរ៕