(ភ្នំពេញ)៖ អង្កការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ បានរៀបចំកម្មវិធី «ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន ឬ Japanese Sake Tasting Fair» នៅសណ្ឋាគារ Rosewood ភ្នំពេញ ជាមួយស្រាសាកិជប៉ុនចំនួន ២០ប្រភេទផ្សេងៗគ្នា ដែលដាក់បង្ហាញ និងភ្លក់ដោយក្រុមហ៊ុនផលិតស្រាសាកិជប៉ុនធំៗចំនួន ៤ រួមមានក្រុមហ៊ុន CHIGONOIWA, SASAIWAI, FUKUCHIYO និងក្រុមហ៊ុន SUIGEI ហើយក្រុមនីមួយៗ ក៏បានធ្វើការណែនាំផលិតផលស្រាសាកិ ដែលថ្មីសម្រាប់កម្ពុជា ក៏ដូចជាចែករំលែកអំពីសាវតា និងរបៀបនៃការផលិតស្រាសាកិនីមួយៗ ផងដែរ។

ពិព័រណ៌នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក កឹម ស៊ីថន រដ្ឋលេខាធិកាប្រចាំការក្រសួងពាណិជ្ជកម្មកម្ពុជា, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី Marisa Haruta តំណាងអង្គការ JETRO ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសមកពីស្ថាប័នផ្សេងៗប្រមាណ ១០០នាក់ទៀត ដែលបានចូលរួមភ្លក់ផលិតស្រាសាកិរបស់ក្រុមហ៊ុនទាំង ៤ ខាងលើ។

លោកស្រី Marisa Haruta បានបញ្ជាក់ថា «ពិព័រណ៍ភ្នក់ស្រាសាកិជប៉ុន» ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីចែករំលែកមកកាន់កម្ពុជាឲ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីស្រាសាកិ ដែលជាផ្នែកមួយនៃវប្បធម៌ ប្រពៃណី ដែលប្រជាជនជប៉ុនតែងតែប្រើនៅក្នុងឱកាសជួបជុំ និងការអបអរនានា។ ម្យ៉ាងស្របពេលឆ្នាំ២០២៣ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន អង្កការ JETRO ក៏បានចាត់ទុកការរៀបចំកម្មវិធីនេះឡើង ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាការរឹតចំណងមិត្តភាពកាន់តែខ្លាំងរវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានោះ ក្នុងនាមតំណាងលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ាន វណ្ណហន បានសម្ដែងការអបអរសាទរ និងកោតសរសើរ ចំពោះអង្គការ JETRO ដែលបានរៀបចំពិព័រណ៌ខាងលើឡើង ដោយអញ្ជើញក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន ចូលរួមកម្មវិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យនេះ។

សូមបញ្ជាក់ថា ពិព័រណ៍ភ្លក់ស្រាសាកិជប៉ុននេះ នឹងបន្តធ្វើរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ហើយចំពោះមុខម្ហូបឈុតពិសេស នឹងត្រូវបានដាក់ឲ្យភ្លក់ជាមួយស្រាសាកិ និងម្ហូបដែលត្រូវគ្នាជាងគេ នៅភោជនីយដ្ឋាន Garaku Restaurant Cambodia, Hiko Teppanyaki, SATO Japanese Restaurant និង IZA Japanese ។ ជាពិសេសនៅ Garaku Restaurant Cambodia និង Hiko Teppanyaki, ដែលមានការផ្តល់ជូនតម្លៃពិសេសត្រឹម ៧០ឈុត នៅភោជនីយដ្ឋាននីមួយៗ ក្នុងពេលប្រូម៉ូសិននេះ (សូមធ្វើការកក់ទុកជាមុន)។

លើសពីនេះ JETRO ក៍មានកម្មវិធីជំរុញអាហារជប៉ុននៅក្រៅប្រទេស ដោយផ្ដល់នូវវិញ្ញាបនបត្រហាងគាំទ្រអាហារ និងគ្រឿងផ្សំជប៉ុន (Japanese Food and Ingredients Supporters Store) ដែលអាចដាក់ពាក្យស្នើសុំបានដោយឥតគិតថ្លៃ តាមរយៈគេហទំព័រ https://www.jetro.go.jp/en/trends/foods/supporter.html គ្រាដែលភោជនីយដ្ឋានដៃគូទាំង ០៤ខាងលើ ក៏បានទទួលវិញ្ញាបនបត្រនេះ នៅទីក្រុងភ្នំពេញផងដែរ៕