(ប៉ារីស)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស David Alaba បានថ្លែងថា ការបោះឆ្នោតគាំទ្រ Lionel Messi ឲ្យក្លាយជាកីឡាករលេងល្អបំផុតប្រចាំរបស់ FIFA នោះ គឺជាការសម្រេចចិត្តដោយក្រុម ពុំមែនរូបលោកតែម្នាក់ឯងនោះទេ។

ការឆ្លើយតបនេះដែរ ត្រូវបានធ្វើឡើង ក្រោយពេលខ្សែការពារវ័យ ៣០ឆ្នាំខាងលើនេះ បានទទួលបានសាររើសអើងជាតិសាសន៍នៅលើបណ្តាញសង្គម ដែលោករូបលោកពុំបានបោះឆ្នោតគ្រាំទ្រមិត្តរួមក្លិប Karim Benzema គ្រាដែល Messi បានទទួលបានសំឡេងគាំទ្រឈ្នះគូប្រជែង Kylian Mbappe និង Karim Benzema កាលពីរាត្រីថ្ងៃចន្ទនៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងន័យនេះ Alaba បានថ្លែងប្រាប់ BBC ថា «អូទ្រីសទាំងមូលបានសម្រេចចិត្តជាក្រុម ពុំមែនតែខ្ញុំម្នាក់ឯងនោះទេ។ គ្រប់គ្នាតែងតែបានដឹងរួចមកហើយ ជាពិសេស Karim តែម្តងថាតើខ្ញុំសរសើរ និងស្រឡាញ់ទម្រង់លេងគាត់ប៉ុណ្ណានោះ ដោយកន្លងខ្ញុំតែងតែគិតថា គាត់ជាកីឡាករល្អបំផុតសម្រាប់ខ្ញុំស្រាប់ទៅហើយ គ្មានអ្វីដែលត្រូវសង្ស័យនោះឡើយ»

នេះមានន័យថា អ្នកដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ស្ថាប័ន FIFA គឺមានតែក្រុមជម្រើសជាតិទាំងមូល គ្រូបង្វឹកជម្រើសជាតិ ប្រធានក្រុម រួមទាំងអ្នកសារព័ត៌មានកីឡា និងអ្នកគាំទ្រនៅជុំវិញពិភពលោកតែប៉ុណ្ណោះ។

បើនិយាយពីទំនាក់ទំនងរវាង David Alaba និង Karim Benzema វិញ ពួកគេទាំងពីរបានផ្តើមលេងជាមួយគ្នាក្នុងក្លិបអេស្ប៉ាញ Real Madrid តាំងពីខែមករា ឆ្នាំ២០២១ ក្រោយផ្ទេរចេញពីក្លិប Bayern Munich ដោយបានឈ្នះពាន La Liga និង UEFA Champions League រួមគ្នាទៀតផង៕