(កូរ៉េ)៖ តារាចម្រៀងប្រុសល្បីឈ្មោះសមាជិកក្រុមចម្រៀង BTS លោក Jongkook បានប្រកាសថា លោកបានសម្រេចលុបចោលគណនី Instagram និងឈប់ប្រើប្រាស់បណ្តាញសង្គមមួយនេះតទៅទៀតហើយ ខណៈមូលហេតុគឺតារារូបនេះ គ្រាន់តែបញ្ជាក់ថា មកពីមិនដែលបានចូលលេង ទើបលុបចោលតែម្តង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP។

នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ Jungkook បាននិយាយនៅលើ Weverse ដែលជាវេទិកាទំនាក់ទំនងអ្នកគាំទ្រផ្លូវការរបស់ BTS ថា «ខ្ញុំបានចាកចេញពី Instagram ខ្ញុំមិនត្រូវបានគេលួចចូលទេ។ ខ្ញុំមិនដែលចូលប្រើវាទេ ដូច្នេះខ្ញុំគ្រាន់តែលុបវាចោល។ កុំបារម្ភអី!»។ ពេលនោះ Jungkook បានសរសេរនិងអះអាងថា «ខ្ញុំមិនដែលប្រើវាទេ តើខ្ញុំអាចធ្វើអ្វីបាន? ខ្ញុំគ្រាន់តែចង់ប្រើ Weverse ដោយផ្ទាល់ពីពេលមួយទៅពេលមួយ ហើយខ្ញុំបានលុបកម្មវិធីភ្លាមៗ ហើយខ្ញុំមិនគិតថាខ្ញុំនឹងប្រើវានៅពេលអនាគត»

គួរជម្រាបថា Jungkook បានលុបគណនី Instagram បន្ទាប់ពីបង្កើតបានមួយឆ្នាំពីរខែ។ បើគេនៅចាំមិនភ្លេចសមាជិកទាំងអស់នៃក្រុម BTS បានបង្កើតគណនី Instagram ផ្ទាល់ខ្លួននៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ នៅពេលនោះ Big Hit Music បាននិយាយថា «យើងយល់ថាគាត់បានបើក Instagram ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់សិល្បករជាមួយអ្នកគាំទ្រ និងទំនាក់ទំនងតាមវិធីផ្សេងៗ»។ បន្ទាប់ពីបើកគណនី Instagram ផ្ទាល់ខ្លួន Jungkook ទទួលបានអ្នកគាំទ្រ៥០ លាននាក់ ដែលជាចំនួនច្រើន និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង៕