(បរទេស)៖ កំពូលមហាសេដ្ឋីមាត់ដាចលោក Elon Musk កំពុងប្រថុយនឹងការដាច់ទំនាក់ទំនងក្នុងប្រទេសចិន បន្ទាប់ពីលោកបានឆ្លើយតបទៅនឹងសារបង្ហោះអំពីការវាយតម្លៃ «ទំនុកចិត្តទាប» របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលថាជំងឺរាតត្បាត Covid មានប្រភពចេញពីមន្ទីរពិសោធន៍ Wuhan។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

កាសែត Global Time របស់រដ្ឋាភិបាលចិនបានចេញការព្រមាន Musk នៅព្រឹកថ្ងៃអង្គារនេះជុំវិញការឆ្លើយតបទៅនឹងសារបង្ហោះនៅលើ Twitter ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈការព្រមាននេះបានភ្ជាប់ជាមួយនឹងខ្លឹមសារខឹងសម្បារយ៉ាងខ្លំាងដែលអាចឈានដល់«ទំនាក់ទំនងល្អក់កករ» រវាង Musk នឹងប្រទេសចិនជាមួយនឹងសារមួយឃ្លាថា «to bite the hand that feeds you,» ដែលអត្ថន័យនៃពាក្យនេះវាប្រហាក់ប្រហែលនឹងពាក្យរមិលគុណទៅលើអ្នកដែលខំចិញ្ចឹម នេះបើយោងតាមរបាយការណ៍ពីលោកស្រី Eunice Yoon មកពី CNBC។

លោកស្រី Yoon បានបន្ថែមទៀតថា គណៈបក្សកុម្មុយនិស្តចិន (CCP) កំពុងមានភាពរស៊ើបជាខ្លាំងចំពោះសារឆ្លើយតបរបស់ Musk។

គួរបញ្ជាក់ដែរថា Musk គឺជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្នាតយក្ស Tesla ហើយបច្ចុប្បន្ននេះ ក៏បានឈរជើងរោងចក្រដ៏ធំមួយនៅក្នុងទីក្រុងសៀងហៃប្រទេសចិន ហើយក៏ជាទីផ្សារធំទីពីររបស់ Tesla ផងដែរ៕