(ប៉ារីស)៖ ខ្សែការពារក្លិប Paris Saint-Germain គឺកីឡាករ Achraf Hakimi បានកំពុងរងបណ្តឹងមួយ ករណីរំលោភសេពសន្ថវៈ ស្របពេលដែលប៉ូលីសបារាំងបានបើកការស៊ើបអង្កេតករណីនេះភ្លាមៗផងដែរ។

Hakimi ដែលបានចូលលេងចំនួន ៣១ប្រកួតសម្រាប់ PSG នារដូវកាលនេះ បានរងបណ្តឹងពីស្រ្តីវ័យ ២៤ឆ្នាំម្នាក់ថាបានចាប់រំលោភនាងនៅក្នុងផ្ទះរបស់គាត់ (Hakimi) ដែលស្ថិតក្នុងរដ្ឋធានី Paris កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។

បើយោងតាមប្រភពជិតស្និទ្ធពីក្រុមស៊ើបអង្កេតបានទម្លាយថា មានស្រ្តីម្នាក់បានមកប្តឹងប៉ូលីសដល់ស្ថានីយ៍តែម្តង ដោយពុំមានភស្តុតាងគ្រប់គ្រាន់ ដែលនាំឲ្យក្រុមប៉ូលីសបើកការស៊ើបអង្កេតជាបន្ទាន់មួយទៅលើរឿងនេះបន្ថែមទៀត។

Hakimi វ័យ ២៤ឆ្នាំដែលបានកើតនៅប្រទេសអេស្ប៉ាញនោះ គឺជាកីឡាករសំខាន់មួយរូបបានជួយម៉ារ៉ុកឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នៅកាតាជាលើកដំបូងដែលពុំមានប្រទេសនៅទ្វីបអាហ្រ្វិកណាធ្វើបានឡើយកន្លងមក។

ផ្អែកតាមទម្រង់លេងដ៏ល្អនេះ Achraf Hakimi ក៏មានកិត្តិយសឈ្នះពាន FIFPro Awards ក្នុងពិធីប្រគល់ពានរបស់ FIFA កាលពីរាត្រីថ្ងៃចន្ទជាមួយមិត្តរួមក្លិប Kylian Mbappe និង Lionel Messi ផងដែរ ដ្បិតរូបគេ រួមទាំង PSG នៅពុំទាន់មានការឆ្លើយតបណាមួយទៅនឹងបទចោទប្រកាន់ខាងនេះទេ៕