(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ រៀបចំផែនការទទួលភ្លើងគប់កីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣។

លោក អ៊ុន ចាន់ដា បានបញ្ចាក់ថា ខេត្តកំពង់ចាម មិនបានរៀបចំធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទេ ពោលគឺភ្លើងគប់នេះគ្រាន់តែដង្ហែរឆ្លងកាត់ខេត្តកំពង់ចាមប៉ុណ្ណោះ។ លោកថា «ទោះជាយ៉ាងនោះក្តី ខេត្តយើងក៏ត្រូវមានការទទួលបដិសណ្ឋារកិច្ចខ្លះៗ តាមបណ្ដាស្រុកដែលជាប់ដងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដូច្នេះហើយបានជាយើងត្រូវរៀបចំលក្ខណៈសម្បត្តិត្រៀមទុកពីចម្ងាយឱ្យហើយ ដើម្បីឲ្យសាកសមធ្វើជាម្ចាស់ផ្ទះ ក្នុងការទទួល ជំរុញឲ្យការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទទួលបានជោគជ័យជូនដល់ប្រទេសជាតិរបស់យើង»។

លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ មានការរៀបចំពិធីបួងសួងសុំភ្លើងព្រះអគ្គី នៅក្នុងបរិវេណជុំវិញអង្គរតូចនៅខេត្តសៀមរាប។ លុះដល់ថ្ងៃទី២២ ខែមីនា នឹងមានការដង្ហែរភ្លើងព្រះអគ្គីនេះ ឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ និងដង្ហែរភ្លើងព្រះអគ្គីមកដល់ប្រទេសកម្ពុជាវិញ មករក្សានៅខេត្តស្ទឹងត្រែងមួយយប់។ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ទើបបន្តដង្ហែរចេញពីខេត្តស្ទឹងត្រែង កាត់តាមខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល ទៅកាន់រាជធានីភ្នំពេញ។

លោកអភិបាលរងបានបញ្ជាក់ថា ក្បួនដង្ហែរភ្លើងគប់កីឡា ឆ្លងកាត់ពីខេត្តស្ទឹងត្រែង មកខេត្តកំពង់ចាមយើងនេះ គឺក្បួនដង្ហែរគ្រាន់តែបន្ថយល្បឿន នៅទីតាំងដែលខេត្តនីមួយៗ បានរៀបចំដើម្បីអបអរសាទរ ក្នុងការដង្ហែរព្រះអគ្គីនេះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

ក្នុងការដង្ហែរក្បួនព្រះអគ្គីនេះដែរ សម្រាប់ខេត្តកំពង់ចាម ត្រូវឆ្លងកាត់៥ក្រុងស្រុក ក្នុងនោះរួមមាន៖ ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ ដែលត្រូវរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈដែលមានការពាក់ព័ន្ធនិងការដង្ហែរព្រះអគ្គី៕