(ម៉ៃអាមី)៖ កីឡាករ Tennis ជើងចាស់ Rafael Nadal បានបង្ខំចិត្តខកខ្លួនចេញពីព្រឹត្តិការណ៍ Masters 1000 នៅឯកម្មវិធី ២តែម្តងរួមមាន Indian Wells និង Miami ដោយសារជំងឺត្រគាក (hip) រាំរ៉ៃ ដែលត្រូវការរយៈពេលព្យាបាល ៨សប្តាហ៍ផងដែរ។

បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៣៦ឆ្នាំខាងលើនេះ ពុំបានចូលរួមប្រកួតក្នុងកម្មវិធីណាមួយឡើយ គិតចាប់តាំងពីបានចាញ់ ក្នុងជុំទី២ នៅពាន Australian Open កាលពីខែមុនមក ជាពេលដែល Nadal បានជួបបញ្ហាត្រគាក នៅអំឡុងប្រកួតចាញ់គូប្រជែង Mackenzie McDonald ក្នុងប្រទេសអូស្រា្តលីនោះ។

នេះមានន័យថា អតីតម្ចាស់ជើងឯកក្នុងកម្រិត Grand Slam ២២លើកមួយនេះ ទំនងជាអវត្តមានពីទីលានចាប់ពី ៦ទៅ៨សប្តាហ៍ឯណោះ។

Nadal បានបង្ហោះសារនៅលើបណ្តាញ Twitter របស់ខ្លួនថា «ពេលវេលាប្រកួតសម្រាប់ខ្ញុំនាពេលនេះ ត្រូវបានបិទបញ្ចប់ ដោយងាកមកសម្រាក និងព្យាបាលរបួសវិញម្តងតាមការណែនាំរបស់វេជ្ជបណ្ឌិត មុនពេលត្រឡប់មកវិញជាមួយស្ថានភាពដ៏ល្អបំផុត។ ខ្ញុំពិតជាមិនសប្បាយចិត្តទាល់តែសោះ ដែលមិនអាចចូលរួម Indian Wells និង Miami។ Sad បំផុតដែលមិនអាចឈរនៅទីនេះបាន ដ្បិតមានអ្នកគាំទ្រនៅអាមេរិកច្រើនបានកំពុងរង់ចាំវត្តមានខ្ញុំ និងសង្ឃឹមជួបគ្នាវិញនាចុងឆ្នាំនេះទៅចុះ»

ដូចគ្នានោះដែរ លោក Tommy Haas នាយកកម្មវិធី Indian Wells ក៏បានថ្លែងថា «ពួកយើងសូមជូនពរដល់លោក Rafa បន្តសម្រាកព្យាបាលរបួសឲ្យជាដាច់ និងសង្ឃឹមជួបគ្នាឆាប់ៗវិញផងដែរនាឆ្នាំក្រោយនេះ»